ត្រឹមពេលពីរឆ្នាំ Joselu ប្រែក្លាយពីអ្នកគាំទ្រ ទៅជាអ្នកស៊ុតគ្រាប់ជ័យជម្នះសម្រាប់ក្រុម Real Madrid

ខ្សែប្រយុទ្ធបម្រុងរបស់ក្រុម Real Madrid កីឡាករ Joselu បានធ្វើអោយកីឡដ្ឋាន Santiago Bernabeu មានការស្រែកហ៊ោកញ្ច្រៀវស្ទើរផ្ទុះទីលានកាលពីពេលថ្មីៗនេះ ជាមួយនឹងគ្រាប់បាល់ចុងម៉ោងពីរគ្រាប់ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីរ ពាន UEFA Champions League។

បន្ទាប់ពី Alphonso Davies បានជួយ Bayern ឱ្យនាំមុខ 1-0 ក្នុងការប្រកួតជើងទី 2 ក្នុងរដ្ឋធានីអេស្ប៉ាញ Joselu អាចតាមបានស្មើក្រោយកំហុសរបស់ Manuel Neuer ហើយដណ្តើមបានគ្រាប់បាល់តាមស្មើនៅចុងម៉ោង ធ្វើឱ្យលទ្ធផលសរុបឡើងដល់ 3-3 ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ខ្សែប្រយុទ្ធអេស្ប៉ាញដដែលជាអ្នកបន្ថែមគ្រាប់បាល់ក្រោយ​ការ​បញ្ជូន​បាល់​ពី Antonio Rudiger ដើម្បីធ្វើការយកនាំមុខវិញក្នុង 2-1។ ជាដំបូងគ្រាប់បាល់នោះត្រូវបានរាប់បញ្ចូលជាបាល់ជំហរក្រៅល្បែង ប៉ុន្តែបន្ទាប់ពីការត្រួតពិនិត្យយ៉ាងល្អិតល្អន់របស់ VAR គ្រាប់បាល់ចុងម៉ោងនោះត្រូវបានផ្តល់ទៅកាន់ Real Madrid ដើម្បីទម្លាក់ Bayern ហើយឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន Champions League។

អ្វីដែលកាន់តែផ្តល់ភាពភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រនោះគឺ កាលពីពីរឆ្នាំមុន ពោលវគ្គផ្តាច់ព្រ័ត្ររវាង Real Madrid នឹង Liverpool នៅទីក្រុង Paris ប្រទេសបារាំងឆ្នាំ 2022 កីឡាករ Joselu បានទៅដល់កីឡដ្ឋានក្នុងនាមជាអ្នកគាំទ្រសាមញ្ញធម្មតាមួយប៉ុណ្ណោះ តែរំលងបានពីរឆ្នាំ Joselu បានប្រែក្លាយជាខ្សែប្រយុទ្ធដែលអ្នកគាំទ្រ Real Madrid គ្រប់រូបស្រឡាញ់ដកចិត្តលែងរួច។ ក្រោយការប្រកួតមួយនេះ ក្រុមរបស់លោក Carlo Ancelotti នៅសល់ភារកិច្ចធំមួយទៀត ពោលគឺជំនួបទល់នឹងក្រុមមកពីអាឡឺម៉ង់មួយទៀត គឺ Borussia Dortmund នៅវគ្គផ្តាច់ព្រ័ត្រក្នុងកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស៕