Borussia Dortmund ចេញមកបញ្ជាក់ផ្លូវការពីជំហររបស់ក្លឹបចំពោះស្ថានភាព Jadon Sancho

Borussia Dortmund គ្រោងនឹងធ្វើការរក្សាទុកកីឡាករ Jadon Sancho ជាមួយក្លឹបដដែល បន្ទាប់ពីបានបង្ហាញការរីកចម្រើនយ៉ាងខ្លាំងសម្រាប់ទម្រង់លេងនៅរដូវកាលនេះ។

កីឡាករជម្រើសជាតិអង់គ្លេស Sancho បានត្រលប់មកកាន់កីឡដ្ឋាន Signal Iduna Park វិញក្នុងទីផ្សារដោះដូរកីឡាករខែមករា បន្ទាប់ពីជួបបញ្ហាមិនល្អនៅ Manchester United ហើយរកបានពីរគ្រាប់ក្នុងការបង្ហាញខ្លួន 12 លើកនៅក្នុងលីកកំពូលអាឡឺម៉ង់ Bundesliga។ គាត់ក៏បានដើរតួយ៉ាងសំខាន់ក្នុងការយកឈ្នះ 1-0  នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយរបស់ Dortmund លើក្រុម Paris Saint-Germain ក្នុងពាន Champions League ផងដែរ។ ជាលទ្ធផល អ្នកកាសែតលោក Florian Plettenberg រាយការណ៍ថា Dortmund មានបំណងចង់រក្សាខ្សែបម្រើស្លាបលើសពីរដូវកាលនេះ ហើយកំពុងសម្លឹងមើលការស្នើសុំខ្ចីជើងម្តងទៀតពីក្រុមបិសាចក្រហម។

កិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍អាចនឹងមិនមែនជាប្រធានបទនៅលើតុចរចានោះទេ ដោយសារ Dortmund មិនមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់នោះឡើយ។ Sancho មានអាយុត្រឹមតែ 24 ឆ្នាំប៉ុណ្ណោះ ហើយកុងត្រារបស់គាត់នៅ Man United ដំណើរការរហូតដល់ឆ្នាំ 2026។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើ Erik ten Hag នៅតែជាអ្នកចាត់ការ នោះបិសាចក្រហមអាចនឹងមានឆន្ទៈក្នុងការចរចារជាមួយ Dortmund សម្រាប់កិច្ចសន្យាអចិន្ត្រៃយ៍ ឬខ្ចីជើង បន្ទាប់ពីមានភាពរកាំរកូសរហូតដល់ចំណុចមិនអាចផ្សះផ្សាបានរវាង ten Hag នឹង Sancho៕