កំណត់ត្រានៅអឺរ៉ុបគ្មាននរណាតាមទាន់រយះពេល 59 ឆ្នាំ ពេលនេះ Leverkusen ធ្វើបានតែមួយរដូវកាលផុយៗ

ក្រុម Bayer Leverkusen របស់លោក Xabi Alonso បានតាមទាន់កំណត់ត្រាប្រចាំទ្វីបអឺរ៉ុបដែលគ្មានក្លឹបណាទាន់អាចតាមដល់ បន្ទាប់ពីពួកគេបានបន្តការមិនដែលចាញ់គ្រប់ព្រឹត្តិការណ៍ប្រកួតនៅរដូវកាល 2023-2024 នេះ។

Leverkusen បានបំបាក់ក្រុមម្ចាស់ផ្ទះ Eintracht Frankfurt យ៉ាងអាម៉ាស់ក្នុងលទ្ធផល 5-1 ដើម្បីតាមទាន់កំណត់ត្រារយះពេល 59 ឆ្នាំនៅទ្វីបអឺរ៉ុបដោយក្រុមខ្លាំងព័រទុយហ្កាល់ Benfica ក្នុងនាមជាក្រុមដែលមិនស្គាល់ពាក្យចាញ់សូម្បីម្តងគ្រប់ការប្រកួតចំនួន 48 ជាប់ៗគ្នារាប់ចាប់ពីខែធ្នូ ឆ្នាំ1963 រហូតដល់ខែកុម្ភះ ឆ្នាំ 1965 នេះបើយោងតាមលោក Fabrizio Romano។ ក្នុងករណីដែល Leverkusen នៅតែបន្តគេចផុតពីការចាញ់ក្នុងការប្រកួតជើងទីពីរនៃពាន Europa League ទល់នឹងក្រុម Roma បានពិតមែន នោះក្រុមរបស់លោក Xabi Alonso នឹងក្លាយជាក្រុមដែលបន្តដំណើរមិនបរាជ័យយូរបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ទ្វីបអឺរ៉ុប។

ការបំបែកកំណត់ត្រាមួយនេះនឹងគូសបញ្ជាក់អោយឃើញពីភាពជោគជ័យយ៉ាងធំធេងរបស់ Leverkusen នៅរដូវកាលនេះ។ អ្វីដែលកាន់តែសំខាន់នោះគឺ Bayer Leverkusen ត្រូវការជ័យជម្នះតែ 5 ប្រកួតទៀតប៉ុណ្ណោះដើម្បីលើកពានធំៗបីដោយមិនរបូតភ្លាត់ស្នៀតសូម្បីតែមួយប្រកួត។ នាថ្ងៃព្រហស្បតិ៍ខាងមុខ ពួកគេត្រូវជួបជាមួយ Roma ហើយនៅសល់ការប្រកួតលីកកំពូលអាឡឺម៉ង់ពីរទៀតទល់នឹង Bochum នឹង Augsburg មុនពេលប៉ះគ្នាជាមួយ Kaiserslautern ក្នុងវគ្គផ្តាច់ព្រ័ត្រពាន DFB Pokal។ ក្នុងករណីដែល​ Leverkusen អាចទម្លាក់ Roma ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពិតមែន នោះពួកគេនឹងត្រូវឡើងទៅលេងយកពាន Europa League នាថ្ងៃទី 22 ខែឧសភា ដោយអាចប៉ះរវាង Marseille នឹង Atalanta៕