Barcelona ប្តេជ្ញាថានឹងពង្រឹងជម្រើសនៃខ្សែបម្រើរបស់ពួកគេសម្រាប់រដូវកាលក្រោយ ដោយបានដាក់ការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាករ Joshua Kimmich របស់ក្លឹប Bayern Munich។

Xavi និងប្រធានផ្នែកកីឡារបស់ក្លឹបលោក Deco ចាត់ទុកការចុះហត្ថលេខាលើអ្នកស្នងតំណែងយូរអង្វែងរបស់ Sergio Busquets ជាអាទិភាពមួយសម្រាប់រដូវកាល 2024-2025។ Kimmich ត្រូវបានគេមើលឃើញថាជាជម្រើសដ៏ល្អក្នុងការជំនួសកីឡាករ Oriol Romeu ដែលបានជួបការលំបាកចាប់តាំងពីផ្ទេរពី Girona កាលពីរដូវក្តៅមុន។ កីឡាករសញ្ជាតិអាឡឺម៉ង់បានដើរតួយ៉ាងសំខាន់នៅក្នុងក្រុម Bayern ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយអ្វីដែលកាន់តែពិសេសនោះគឺ ខ្សែបម្រើរូបនេះធ្លាប់បានលើកពាន Bundesliga រហូតដល់ទៅ 8 ដងរួចមកហើយ។

អនាគតរបស់ Kimmich នៅ Bayern គឺជាប្រធានបទនៃការជជែកដេញដោលអស់ជាច្រើនខែមកហើយ ដោយសារតែកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅចុងរដូវកាលក្រោយ។ ខណះដែលរូបគេមានវ័យត្រឹម 29 ឆ្នាំ Joshua Kimmich អាចផ្តល់ជូន Barcelona នូវទម្រង់លេងដែលមានគុណភាពច្រើនឆ្នាំទៀត ហើយអាចចាប់ដៃគូជាមួយមិត្តរួមសញ្ជាតិ Ilkay Gundogan នៅស្នូលនៃតំបន់បម្រើថែមទៀតផង។ កីឡាករ Guido Rodriguez របស់ Real Betis ក៏ជាជម្រើសមួយផ្សេងទៀតដែលត្រូវបានសម្លឹងឃើញផងដែរ តែ Kimmich គឺជាជម្រើសសម្រាប់បុគ្គលដែលមានអំណាចនៅក្នុងក្លឹបមានការពេញចិត្តជាខ្លាំងដោយសារតែការរួមបញ្ចូលគ្នានៃសមត្ថភាពបច្ចេកទេសនិងកម្លាំងកាយសម្បទារបស់គាត់៕