Chelsea អាចនឹងលេងការប្រកួតជាមួយ Tottenham ដោយគ្មានកីឡាករឈុតធំលើសពី 10 នាក់ទៅទៀត

ក្លឹប Chelsea អាចនឹងបាត់បង់វត្តមានកីឡាករជម្រើសដំបូងរហូតដល់ទៅ 14 នាក់ក្នុងជំនួបទល់នឹងក្រុមមាន់ខ្នាយមាស Tottenham Hotspur នាថ្ងៃសុក្រសប្តាហ៍នេះ។

 

តោខៀវ Chelsea ទើបតែបានទទួលដំណឺងអាក្រក់អំពីរបួសថ្មីៗរបស់ខ្សែការពារដូចជា Thiago Silva នឹង Axel Disasi បន្ថែមពីលើកីឡាករ Wesley Fofana, Levi Colwill, Reece James, Malo Gusto នឹង Ben Chilwell ដែលបានអវត្តមានដោយសារតែបញ្ហារបួសជាយូរលង់មកហើយ។ បន្ថែមពីលើវិបត្តិខ្សែការពារ ក្រុមរបស់លោក Mauricio Pochettino ក៏កំពុងតែបន្តដំណើរយ៉ាងលំបាកវេទនាស្របពេលដែលកីឡាករ Enzo Fernandez, Lesley Ugochukwu, Raheem Sterling, Carney Chukwuemeka នឹង Robert Sanchez សុទ្ធសឹងតែមិនទាន់ជាសះស្បើយនៅឡើយ។

ទោះរដូវកាលនេះ Chelsea មានបញ្ហាមិនចេះចប់ក៏ពិតមែន តែក្លឹបមួយនេះនៅតែមានលទ្ធភាពក្នុងការក្តោបយកកៅអី Europa League សម្រាប់រដូវកាល 2024-2025 ខណះពួកគេនៅពីក្រោយក្រុមលេខ​​ 6 ពោលគឺ Manchester United ត្រឹមតែ 6 ពិន្ទុតែប៉ុណ្ណោះ៕