ខ្សែបម្រើឆ្នើម Federico Valverde មានអារម្មណ៍ជឿជាក់មុននឹងជួបជាមួយ Bayern Munich ដែលមានខ្សែប្រយុទ្ធជួរមុខ Harry Kane ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Champions League។

កីឡាករសញ្ជាតិអ៊ុយរូហ្គាយបានបង្ហាញពីការគោរពរបស់គាត់ចំពោះខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Bayern Munich ប៉ុន្តែបានអះអាងថា Real Madrid មានប្រៀបខ្លាំងជាងដោយសារក្លឹបមានខ្សែការពារលំដាប់ពិភពលោកជាច្រើន ដែលអាចដោះស្រាយជាមួយនឹងម៉ាស៊ីនរកគ្រាប់បាល់របស់ Bayern។ គួរបញ្ជាក់ផងដែរថា ក្រោមការជួយជ្រោមជ្រែងយ៉ាងសំខាន់ពីកីឡាករ Antonio Rudiger ក្រុម Real Madrid អាចធ្វើអោយម៉ាស៊ីនរកគ្រាប់បាល់របស់មេឃខៀវ Manchester City ពោលគឺ Erling Haaland មិនអោយស៊ុតបញ្ចូលទីទាំងពីរជើង ហើយលើសពីនេះក្រុមរបស់លោក Carlo Ancelotti របូតគ្រាប់បាល់តិចបំផុតក្នុងលីកកំពូលអេស្ប៉ាញ La Liga រដូវកាលនេះ ដោយគិតមកទល់ពេលនេះ Real Madrid របូតគ្រាប់បាល់តែ 22 គ្រាប់ប៉ុណ្ណោះ។

នៅក្នុងកិច្ចសម្ភាសន៍មុនការប្រកួតយ៉ាងសំខាន់ កីឡាករវ័យ 25 ឆ្នាំរូបនេះបានទម្លាយថា Real Madrid គឺជាក្រុមដែលប្រមូលផ្តុំទៅដោយខ្សែការពារលំដាប់ពិភពលោកជាច្រើនហើយធ្លាប់ឆ្លងកាត់ស្ទើរតែគ្រប់ស្ថានភាព ហើយនេះគឺជាមូលហេតុមួយដែលធ្វើអោយរូបគេមានការធូរចិត្តទាំងដែលប្រកួតមួយនេះគឺជាការប្រកួតធំមួយក៏ដោយ។ ម្ចាស់ពាន UCL 14 សម័យនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអាឡឺម៉ង់ដើម្បីលេងការប្រកួតជើងទីមួយ ដើម្បីស្វែងរកក្រុមខ្លាំងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនាកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស៕