កំពូលខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Barcelona ជឿជាក់ថាគាត់សាកសមនឹងទទួលបានពានរង្វាន់ Ballon d’Or កាលពីឆ្នាំ 2020 ហើយខ្លួនមិនប្រកាន់អ្វីនោះឡើយ ទោះបានទទួលពានមួយនេះយឺតពេលក៏ដោយ។

អតីតខ្សែប្រយុទ្ធ Bayern Munich ស្ថិតក្នុងកម្រិតកំពូលនៃអាជីពបាល់ទាត់របស់គាត់នៅចន្លោះឆ្នាំ 2020 និង 2021 ប៉ុន្តែមិនត្រូវបានផ្តល់រង្វាន់ជាបុគ្គលដ៏មានកិត្យានុភាពបំផុតរបស់ពិភពលោកនោះទេ។ ការរីករាលដាលនៃជំងឺដ៏កាចសាហាវ Covid-19 មានន័យថាពិធីប្រគល់ពានរង្វាន់ត្រូវបានលុបចោលនៅឆ្នាំ 2020 ទាំងដែលប្រធានក្រុមជម្រើសជាតិប៉ូឡូញស៊ុតបញ្ចូលទីបាន 55 ដងនៅគ្រប់ការប្រកួតទាំងអស់ដើម្បីជួយ Bayern ឈ្នះពានបីក្នុងរដូវកាល 2019-20 ក៏ដោយ។ 12 ខែក្រោយមក Lionel Messi ដែលកាលនោះនៅជាកីឡាកររបស់ Barcelona បានទទួល Ballon d’Or ទីប្រាំពីររបស់គាត់ហើយបានបង្កឱ្យមានការជជែកវែកញែកថាពានមួយនេះគួរតែត្រូវបានប្រគល់ជូន Lewandowski ដើម្បីជាការសងសម្រាប់ការអាក់ខានពិធីមួយនេះកាលពីមួយឆ្នាំមុន។

យ៉ាងណាក្តី Robert Lewandowski បានចេញមកទម្លាយពីអារម្មណ៍ពិតរបស់ខ្លួនទាំងអស់ថា ពានសម្រាប់ឆ្នាំ 2021 គឺជារឿងត្រឹមត្រូវក្នុងការផ្តល់ជូនទៅកាន់ Messi តែខ្លួនក៏លឺពីពាក្យចចាមអារ៉ាមក្នុងការផ្តល់ពាន Ballon d’Or ជាថ្មីសម្រាប់ឆ្នាំ 2020 ហើយកាលនោះរូបគេស្ថិតនៅចំណុចកំពូលមួយដោយបានជួយក្លឹបអោយឈ្នះគ្រប់ពានដែលខ្លួនអាចលេងបាន។ Lewandowski ក៏បានបន្ថែមទៀតផងដែរថា បើសិនជាខ្លួនទទួលពាន Ballon d’Or ឆ្នាំ 2020 យឺតពេល 4 ឆ្នាំក៏ពិតមែន ខ្លួនមិនមានការអន់ចិត្តអ្វីនោះឡើយ ព្រោះវាជាមហាកិត្តិយសរបស់ខ្លួន៕