Antony បានចេញមកពន្យល់ពីមូលហេតុដែលគាត់អបអរគ្រាប់បាល់ដំបូងរបស់គាត់នៅ Premier League រដូវកាលសម្រាប់ Manchester United ជាមួយនឹងតុក្កតា Sonic the Hedgehog។

កីឡាករសញ្ជាតិប្រេស៊ីលបានរកគ្រាប់បាល់ដំបូងនៅ Premier League របស់គាត់សម្រាប់រដូវកាល 2023-24 ទល់នឹងក្រុម Burnley កាលពីថ្ងៃសៅរ៍កន្លងទៅ ដែលកាលនោះក្រុមទាំងពីរបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ។ យ៉ាងណាក្តី Antony មិនបានលាក់លៀមនូវភាពរីករាយរបស់ខ្លួននោះឡើយ ដោយបានរត់សំដៅទៅមុខកាមេរ៉ា នឹងអ្នកគាំទ្ររបស់បិសាចក្រហម ដោយបានកាន់តុក្កតា Sonic រួមជាមួយនឹងការយកបាល់ដែលខ្លួនស៊ុតចូលដាក់ចូលក្នុងអាវថែមទៀតផង។

ក្រោយចប់ការប្រកួត កីឡាករវ័យ 24 ឆ្នាំរូបនេះបានទម្លាយអោយដឹងថា ការអបអរគ្រាប់បាល់នោះគឺដើម្បីរំលឹកទៅដល់កូនប្រុសគេឈ្មោះ Lorenzo ដែលជាអ្នកគាំទ្រយ៉ាងងប់ងល់ជាមួយនឹងតុក្កតា Sonic។ លើសពីនេះ ការដាក់បាល់ចូលក្នុងអាវ គឺដើម្បីបង្ហាញពីក្តីស្រឡាញ់ចំពោះប្រពន្ធដែលកំពុងមានផ្ទៃពោះកូនស្រីឈ្មោះ Lavinne។ គួររំលឹកផងដែរថា នេះជាគ្រាប់បាល់ដំបូងរបស់ Antony នៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសក្នុងរយះពេលជាងមួយឆ្នាំ ដោយការស៊ុតបញ្ចូលទីចុងក្រោយរបស់គេនៅ Premier League គឺជាការស៊ុតចូលទីទល់នឹង Nottingham Forest កាលពីថ្ងៃទី 16 ខែមេសា ឆ្នាំ 2023៕