មួយប្រកួត ពីរគ្រាប់ បីកំណត់ត្រាថ្មីៗ! Harry Kane នៅបន្តទម្រង់លេងកាន់តែកាច ទោះគ្មានសង្ឃឹមលើកពានក៏ដោយ

Harry Kane បានដើរដល់កំណត់ត្រាសំខាន់ៗចំនួនបីក្នុងការឈ្នះរបស់ Bayern Munich ទៅលើ Frankfurt រួមទាំងការស៊ុតបញ្ចូលទី 400 គ្រាប់សម្រាប់អាជីពរបស់រូបគេថែមទៀតផង។

ទោះមិនបានភ្លក់រសជាតិលើកពានក្របខ័ណ្ឌ Bundesliga ក្នុងអំឡុងពេលរដូវកាលដំបូងរបស់គាត់នៅក្នុងប្រទេសអាឡឺម៉ង់ក៏ពិតមែន ប៉ុន្តែ Kane បានរីករាយជាមួយនឹងការបំបែកកំណត់ត្រាផ្ទាល់ខ្លួនមិនឈប់ឈរ ហើយ​អ្វីៗនៅតែបន្តសម្រាប់ខ្សែប្រយុទ្ធអង់គ្លេស ក្រោយរកបានពីរគ្រាប់ជួយអោយក្រុមលោក Thomas Tuchel ទទួលបានជ័យជម្នះយ៉ាងងាយស្រួល។ ជាមួយនឹងការស៊ុតចូលទល់នឹង Frankfurt អតីតកីឡាកររបស់ Tottenham អាចស៊ុតបាន 400 គ្រាប់ក្នុងអាជីពហើយបានបំបែកកំណត់ត្រាស៊ុតបញ្ចូលទីក្នុងរដូវកាលតែមួយ ដោយគិតត្រឹមពេលនេះ Kane អាចរកគ្រាប់បាល់បាន 42 ដងសម្រាប់រដូវកាល 2023-2024។

លើសពីនេះទៅទៀត ប្រធានក្រុមអង់គ្លេសក៏បានក្លាយជាកីឡាករដំបូងបង្អស់របស់ Bundesliga ដែលអាចរួមចំណែកក្នុងការរកគ្រាប់បាល់ទល់នឹងក្រុមទាំងអស់ដែលខ្លួនបានជួបនៅលីកកំពូលអាឡឺម៉ង់ ក្នុងនាមជាកីឡាករដែលទើបតែមកលេងនៅប្រទេសមួយនេះជាលើកដំបូងក្នុងអាជីព៕