អតីតខ្សែការពារក្រុមហង្សក្រហម Liverpool លោក Jamie Carragher បានផ្តល់គំនិតផ្ទាល់ខ្លួនរបស់គាត់ទៅលើការប៉ះទង្គិចគ្នារវាងខ្សែប្រយុទ្ធ Mohamed Salah និងគ្រូបង្វឹក Jurgen Klopp អំឡុងការប្រកួតទល់នឹង West Ham។

Liverpool បានបន្តទម្រង់លេងដ៏គួរអោយខកចិត្តសម្រាប់អ្នកគាំទ្រ តែអ្វីៗកាន់តែមានភាពក្តៅគគុកស្របពេលដែលជម្លោះពាក្យសម្តីរវាង Jurgen Klopp នឹង Mo Salah នៅលើទីលាន។ ភាគីទាំងសងខាងសុទ្ធសឹងតែបានចេញមកធ្វើការបកស្រាយជុំវិញបញ្ហាមួយនេះ ហើយលោក Carragher ជាបុគ្គលមានឥទ្ធិពលចុងក្រោយរបស់ Liverpool ដែលបញ្ចេញយោបល់ទៅលើការឈ្លោះគ្នាដ៏កម្រមួយនេះ។

និយាយក្នុងបណ្តាញសង្គម Twitter អតីតខ្សែការពារសញ្ជាតិអង់គ្លេសបានទម្លាយថា មូលហេតុតែមួយគត់សម្រាប់អ្នកចាត់ការក្នុងការខឹងលើកីឡាករ គឺដោយសារកីឡាករចំណាយពេលយូរពេកក្នុងការរៀបចំខ្លួនដើម្បីផ្លាស់ប្តូរចូល។ ឧបទ្ទវហេតុមួយនេះ កាន់តែដាក់សម្ពាធទៅលើអនាគតរបស់ Salah ជាមួយ Liverpool ខណះដែលរូបគេកំពុងស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យាជាមួយ Liverpool ហើយវាជាលទ្ធភាពមួយដែល Salah អាចនឹងចាប់ដៃគ្នាជាមួយ Klopp ដើម្បីចាកចេញពី Anfield នៅរដូវក្តៅខាងមុខនេះ៕