គ្រូបង្វឹកក្រុម Feyenoord លោក Arne Slot បានសារភាពថាគាត់ពិតជាមានបំណងចង់ទៅ Liverpool ហើយក៏បានបញ្ជាក់អំពីការពិភាក្សាដើម្បីស្នងតំណែងលោក Jurgen Klopp នៅកីឡដ្ឋាន Anfield។

អ្នកចាត់ការ Feyenoord ត្រូវបានដំឡើងជាបេក្ខភាពដែលមានប្រជាប្រិយភាពបំផុតក្នុងការចូលមកជំនួសលោក Klopp ដែលបានសន្យាថានឹងចុះចេញពីតំណែងជាគ្រូបង្វឹក Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្រោយមានការផ្ទុះផ្អើលពិភពបាល់ទាត់អំពីដំណឺងមួយនេះ សាមីខ្លួនលោក Slot ក៏បានចេញមកធ្វើការទទួលស្គាល់ជាសាធារណះថាគាត់ពិតជាចង់មកកាន់ក្លឹបធំនៅប្រទេសអង់គ្លេសពិតមែន ហើយជឿជាក់ថាកិច្ចព្រមព្រៀងអាចនឹងបានសម្រេចនាពេលដ៏ខ្លីខាងមុខ។

គ្រូបង្វឹកសញ្ជាតិហូឡង់បានប្រាប់ទៅកាន់សារព័ត៌មាន ESPN ថា អ្វីដែលគាត់អាចនិយាយបាននៅពេលនេះគឺ ក្លឹបទាំងពីរពិតជាកំពុងធ្វើការចរចារគ្នាពិតមែន ហើយវាគឺច្បាស់ណាថាគាត់ពិតជាចង់មកដឹកនាំក្លឹប Liverpool។ គួររំលឹកផងដែរថា ចាប់តាំងពីការឡើងមកក្នុងនាមជាគ្រូបង្វឹករបស់ក្រុម Feyenoord កាលពីឆ្នាំ 2021 កន្លងមក លោក Arne Slot បានជួយអោយក្លឹបមួយនេះស្គាល់រសជាតិពានពីរលើករួចមកហើយ ស្របពេលដែលទទួលបានការចាប់អារម្មណ៍ពីក្លឹបជាច្រើននៅក្នុងទ្វីបអឺរ៉ុបមុនពេលត្រូវបានផ្សារភ្ជាប់ជាមួយក្រុមហង្សក្រហម៕