ប្លែកមួយបែបទៀតហើយ! លីកកំពូលអេស្ប៉ាញកំពុងពិចារណាគម្រោងលេងការប្រកួតនៅអាមេរិក

លីកកំពូលអេស្ប៉ាញ La Liga អាចទំនងជានឹងដាក់ការប្រកួតផ្លូវការរបស់ពួកគេនៅក្រៅប្រទេសរាប់ចាប់ពីរដូវកាល 2025-2026 តទៅ ដោយសហរដ្ឋអាមេរិកត្រូវបានគេចាត់ទុកជាគោលដៅចំបងមួយ។

ប្រធាន La Liga លោក Javier Tebas បានបញ្ជាក់ថា ក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ សង្ឃឹមថានឹងអាចលេងការប្រកួតនៅក្រៅប្រទេស ហើយកំពុងកំណត់កាលបរិច្ឆេទចាប់ផ្តើមឆ្នាំ 2025-26 សម្រាប់ការប្រកួតដំបូងដែលធ្វើឡើងនៅក្រៅប្រទេស ហើយការជ្រើសរើសប្រទេសធំដូចអាមេរិកជាគោលដៅដំបូង គឺដើម្បីបង្កើតការចាប់អារម្មណ៍ពីប្រជាជនក្នុងស្រុកមុនពេលដែលប្រទេសមួយនេះត្រៀមធ្វើជាសហម្ចាស់ផ្ទះជាមួយ កាណាដា នឹងមិចស៊ិក សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2026។

ក្រុមនៅអេស្ប៉ាញបានបង្ហាញពីចំណាប់អារម្មណ៍លើការផ្លាស់ប្តូរបែបនេះនៅក្រៅប្រទេសនាពេលកន្លងមក ដោយ Barcelona ថែមទាំងបានស្នើសុំការប្រកួតធំនៃក្រុមនៅតំបន់ Catalunya ជាមួយ Girona អោយធ្វើឡើងនៅទីក្រុង Miami ក្នុងឆ្នាំ 2018 ប៉ុន្តែ FIFA ក៏ដូចជាសហព័ន្ធបាល់ទាត់អាមេរិកបានរារាំងការប្រកួតនេះ។ លើសពីនេះអ្នករៀបចំកីឡាពាក់ព័ន្ធបានប្តឹងភាគីទាំងពីរ ហើយលទ្ធផលនៃការកាត់ក្តីបានបង្កើនលទ្ធភាពនៃលីកបរទេសដែលរៀបចំការប្រកួតនៅក្រៅប្រទេស៕