លោក Nasser Al-Khelaifi ប្រធានក្លឹបសេដ្ឋីបារាំង Paris Saint-Germain បានទម្លាយថាគាត់បានប្រាប់ប្រធានក្លឹប Barcelona លោក Joan Laporta អោយបោះបង់គម្រោងនៃការបង្កើត European Super League ទៀតទៅ។

ចាប់តាំងពីការបញ្ចេញគម្រោងជាសាធារណះក្នុងការបង្កើតលីកបាល់ទាត់ថ្មីផ្តាច់ខ្លួនពី UEFA នឹង FIFA នៅឆ្នាំ 2021 Barcelona និង Real Madrid នៅតែជាក្លឹបតែមួយគត់ដែលចង់អោយមានការប្រកួត European Super League។ គម្រោងនោះបានដួលរលំយ៉ាងឆាប់រហ័ស នៅពេលដែលក្លឹបជាច្រើនបានដកខ្លួនភ្លាមៗ ចំពេលមានប្រតិកម្មយ៉ាងខ្លាំងពីអ្នកគាំទ្រ។ Laporta នៅតែបន្តគាំទ្រគំនិតនេះ ប៉ុន្តែត្រូវបានប្រាប់ដោយ Al-Khelaifi ថាវាជាផែនការឆោតល្ងង់មួយ នៅពេលដែលប្រធានក្លឹបទាំងពីរបានជួបគ្នានាពេលថ្មីៗនេះ ពេលដែល Barcelona ប៉ះ PSG ក្នុងក្របខ័ណ្ឌ Champions League កន្លងទៅ។

ថ្លែងទៅកាន់សារព័ត៌មាន El Mundo លោក Khelaifi បានទម្លាយថា “ខ្ញុំបានសួរគាត់ថាតើពេលណាទើបគាត់ព្រមបោះបង់គម្រោង Super League ដ៏ឆោតល្ងង់មួយនោះ។ ខ្ញុំជឿជាក់ថាគាត់នឹងបោះបង់វានៅពេលខាងមុខ ព្រោះវាជាគម្រោងដែលមិនសមហេតុផលទាល់តែសោះ។ ខ្ញុំតែងតែនិយាយថា Super League នឹងមិនអាចកើតឡើងនោះឡើយ ហើយ Champions League គឺជាការប្រកួតល្អបំផុតក្នុងលោកសម្រាប់មនុស្សគ្នា។ Real Madrid នឹង Barcelona កំពុងលេងក្នុង Champions League ព្រោះពួកគេក៏ដឹងពីសារសំខាន់នៃពានមួយនេះដែរ”៕