លោក Fabio Capello បានចេញមកធ្វើការបំភ្លឺជុំវិញការពិភាក្សាស្វែងរកកំពូលកីឡាករបាល់ទាត់ក្នុងប្រវត្តិសាស្ត្ររវាង Lionel Messi នឹង Cristiano Ronaldo ដោយបានលើកនូវចំណុចពិសេសតែសាមញ្ញមួយដែលធ្វើអោយអ្នកទាំងពីរមានភាពខុសគ្នាជាខ្លាំង។

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្កាល់ គឺជាកីឡាករតែមួយគត់ដែលអាចមកក្បែរកម្រិតរបស់ Lionel Messi នៅក្នុងអាជីពដ៏ត្រចះត្រចង់របស់ពួកគេទាំងពីរ។ ក្នុងចំណោម Ronaldo នឹង Messi ពួកគេបានឈ្នះពាន Ballon d’Or រហូតដល់ទៅ 13 លើកផ្សេងៗគ្នា រួមទាំងពានរាប់មិនអស់ផ្សេងៗទៀតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ មិនថាជាពានផ្ទាល់ខ្លួន ពានសម្រាប់ក្លឹប រឺក្រុមជម្រើសជាតិនោះឡើយ។ ចំណុចពិសេសមួយទៀតនោះគឺ ចំនួននៃគ្រាប់បាល់ដែល Ronaldo នឹង Messi អាចរកបានគឺស្ទើរតែមិនមាននរណាអាចធ្វើបាននោះឡើយ ដោយនេះមានន័យថាគ្មានកីឡាកររូបណាដែលអាចមកចូលក្នុងការប្រកួតប្រជែងរវាងវីរកីឡាករទាំងពីរនេះទេ។

យ៉ាងណាក្តី លោក Fabio Capello អតីតគ្រូបង្វឹក Real Madrid នឹង Juventus បានប្រាប់ទៅកាន់អ្នករាយការណ៍ព័ត៌មានក្នុងកម្មវិធី Lauren World Sport Awards ថាបើទោះជា Ronaldo ឈ្នះពានច្រើនប៉ុណ្ណាក៏ដោយ រូបគេនៅតែមិនទាន់មានភាពអស្ចារ្យដល់កម្រិតរបស់ខ្សែប្រយុទ្ធក្រុម Inter Miami បាននោះឡើយ។ លើសពីនេះទៅទៀត Ronaldo មានឈ្មោះត្រឹមជាកីឡាករដែលពូកែស៊ុតបញ្ចូលទី ប៉ុន្តែគេមិនមានភាពវ័យឆ្លាតដូច Messi នោះឡើយ ហើយលោក Capello ជឿថាវាជាចំណុចយ៉ាងសាមញ្ញមួយដែលអាចបញ្ចប់ការឈ្លោះប្រកែកស្វែងរកកីឡាករបាល់ទាត់ល្អបំផុតក្នុងប្រវត្តិសាស្ត្រ៕