Nottingham Forest អាចចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងស្ថានីយទូរទស្សន៍ Sky Sports បន្ទាប់ពី Gary Neville បានប្រដូចការឆ្លើយតបរបស់ក្លឹបទៅនឹងការពិន័យដ៏ចម្រូងចម្រាសទៅនឹងក្រុមម៉ាហ្វៀ។

បន្ទាប់ពី Neville បាននិយាយជាសាធារណៈនូវសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសរបស់ Forest ដោយចោទសួរអំពីភាពត្រឹមត្រូវស្អាតស្អំរបស់មន្ត្រី VAR លោក Stuart Attwell ឥឡូវនេះក្លឹបកំពុងថ្លឹងថ្លែងលើការឆ្លើយតបរបស់ពួកគេ។ យោងតាមកាសែត Daily Mail នោះអាចជាទម្រង់នៃសកម្មភាពផ្លូវច្បាប់ ដោយនាយកដ្ឋានផ្លូវច្បាប់របស់ Nottingham Forest បាននិយាយថាកំពុងរៀបចំលិខិតមួយទៅកាន់ Sky ទាក់ទងនឹងអ្វីដែល Neville បាននិយាយ។

គួររំលឹកផងដែរថា ក្រោយចប់ការប្រកួត អ្នកតំណាងមកពីក្លឹប Nottingham Forest បានចេញមកអះអាងថាមន្ត្រីអាជ្ញាកណ្តាលនៅក្នុងបន្ទប់ VAR គឺជាអ្នកគាំទ្រមួយរូបរបស់ក្រុម Luton ហើយមានចេតនាប្រឆាំងនឹង Nottingham។ ជាលទ្ធផល អតីតខ្សែការពាររបស់បិសាចក្រហមបាននិយាយនៅក្នុងការវិភាគសម្រាប់ទូរទស្សន៍ Sky Sports ថាសេចក្តីថ្លែងការរបស់ Nottingham ប្រៀបបានដូចជាពាក្យសម្តីរបស់ក្រុមម៉ាហ្វៀ ដោយពោរពេញជាមួយនឹងភាពអាម៉ាស់ ហើយការប្រដូចរបស់ Neville បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានបាល់ទាត់ ក្នុងនោះក៏មានថ្នាក់ដឹកនាំរបស់ក្លឹបផងដែរ ហើយពេលនេះ Nottingham Forest កំពុងរៀបចំឯកសារដើម្បីធ្វើការបញ្ជាក់រកភាពស្អាតស្អំពីទូរទស្សន៍ធំនៃចក្រភពអង់គ្លេស៕