ការស្ទង់មតិមួយបានបង្ហាញថាអ្នកគាំទ្រ Liverpool មិនចង់បាន Zinedine Zidane រឺលោក Ruben Amorim នោះឡើយតែប្រាថ្នាចង់ឃើញវីរកីឡាកររបស់ Liverpool មួយរូបដើម្បីមកជំនួសតំណែងដែលបន្សល់ទុកដោយលោក Jurgen Klopp ក្រោយចប់រដូវកាល 2023-2024។

ក្រុមហង្សក្រហមបានស្វែងរកអ្នកចាត់ការថ្មីចាប់តាំងពីលោក Klopp បាននិយាយជាសាធារណៈថាគាត់នឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលបច្ចុប្បន្ន។ ពួកគេត្រូវបានផ្សារភ្ជាប់ជាមួយនឹងគ្រូបង្វឹកជាច្រើននាក់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយលោក Amorim របស់ក្លឹប Sporting CP ត្រូវបានចាត់ទុកថាជាអ្នកដែលមានលទ្ធភាពខ្ពស់បំផុតក្នុងការមកដឹកនាំក្លឹបកំពូលនៅអង់គ្លេសជំនួសអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់។

ទោះជាយ៉ាងណាក៏ដោយអ្នកគាំទ្រហង្សក្រហមបានជ្រើសរើសបេក្ខភាពដែលពួកគេចូលចិត្តដែលអាចចូលរួមជាមួយក្លឹបនៅមុនរដូវកាល 2024-2025 ហើយវាមិនចម្លែកអ្វីនោះឡើយដែលអ្នកគាំទ្រ Liverpool ចង់ឃើញលោក Steven Gerrard ត្រឡប់មកកាន់កីឡដ្ឋាន Anfield ក្នុងនាមជាអ្នកចាត់ការម្តង។ មនុស្សចំនួន 2,036 ត្រូវបានសាកសួរដើម្បីស្វែងរកអ្នកដែលអ្នកគាំទ្រចង់បានធ្វើជាគ្រូបង្វឹកបន្ទាប់របស់ពួកគេ។ ចម្លើយចុងក្រោយបានបង្ហាញថា 41% នៃអ្នកគាំទ្រចង់ឃើញ Gerrard ជាអ្នកកាន់តំណែង ខណៈដែល Xabi Alonso និង Zidane ឈរនៅលេខពីរ និងទីបីរៀងគ្នាជាមួយនឹង 18% និង 8% តាមពីក្រោយដោយ Graham Potter (6%), Ange Postecoglou, Roberto De Zerbi (5%), Amorim និង Julian Nagelsmann (4%) Hansi Flick (3%) និង Luis Enrique (2%)៕