ឌីដងគេពេក ពេលនេះ Antony រងការរិះគន់យ៉ាងចាស់ពីអតីតកីឡាករអាជីពមួយរូប

Antony ត្រូវ​បាន​គេ​រិះគន់​ចំពោះ​ការ​បញ្ចេញកាយវិការឌឺដង​លើ​កីឡាករ​របស់​ក្រុម Coventry City ក្រោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​របស់ Manchester United ដើម្បីកក់កៅអីវគ្គផ្តាច់ព្រ័ត្រពាន FA Cup ​នៅ Wembley។

ក្រុមរបស់លោក Erik ten Hag បានធានានូវកៅអីមួយ ដោយការស៊ុតបាល់ប៉េណាល់ទី បើទោះបីជាបាននាំមុខ 3 គ្រាប់ទល់នឹងក្រុមមកពីលីកទីពីរអង់គ្លេសមុននៅម៉ោងធម្មតាក៏ដោយ។ ខណះការប្រកួតបានឈានមកដល់លទ្ធផល 3-3 បន្ទាប់ពីម៉ោងបន្ថែម បិសាចក្រហមបានឈ្នះការស៊ុតបាល់បញ្ចូលទីក្នុងលទ្ធផល 4-2 ខណៈដែល Rasmus Hojlund ជាយកស៊ុត។ ក្រោយចប់ការប្រកួត កីឡាករបម្រុង Antony ត្រូវបានគេមើលឃើញថាយកដៃខ្ទប់ត្រចៀកហើយរត់ឌឺកីឡាកររបស់ក្រុម Coventry យ៉ាងគ្មានភាពអាម៉ាស់ក្នុងខ្លួន ដោយបានទាក់ទាញនូវការរិះគន់ពីគ្រប់មជ្ឈដ្ឋានបាល់ទាត់។

ក្នុងចំណោមអ្នកដែលបានធ្វើការបញ្ចេញមតិចំពោះសកម្មភាពរបស់ខ្សែប្រយុទ្ធស្លាបស្តាំសញ្ជាតិប្រេស៊ីលរូបនេះ គេបានប្រទះឃើញបុគ្គលល្បីៗជាច្រើនក្នុងពិភពបាល់ទាត់ដូចជាលោក Conor McLaughlin, Clinton Morrison, Abdulmalik, Brad Cox នឹងលោក Gary Hunt សុទ្ធសឹងតែមិនពេញចិត្តដែល Antony អាចធ្វើទង្វើបែបនេះដាក់ក្រុមដែលមិនប្រកបអាជីពក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស៕