អ្នកគាំទ្រក្លឹប West Ham បានបញ្ចេញការខកចិត្តរបស់ពួកគេយ៉ាងខ្លាំងចំពោះអ្នកចាត់ការលោក David Moyes បន្ទាប់ពីក្លឹបបានរបូតគ្រាប់បាល់ចំនួន 4 គ្រាប់ទល់នឹង Crystal Palace ក្នុងរយៈពេល 31 នាទីនៃការប្រកួតវគ្គទីមួយ។

ក្រុមញញួរយក្សបានធ្លាក់ចេញពីក្របខណ្ឌ Europa League ក្រោមថ្វីជើងក្រុមខ្លាំងមកពីអាឡឺម៉ង់ Bayer Leverkusen ក្នុងលទ្ធផល 3-1 កាលពីពាក់កណ្តាលសប្តាហ៍ ដោយឡែកកាលពីថ្ងៃអាទិត្យកន្លងទៅពួកគេបានរបូតគ្រាប់បាល់ចំនួន 4 គ្រាប់ទល់នឹងក្រុម Crystal Palace ក្នុងរយៈពេល 31 នាទីដំបូងនៃការប្រកួតក្របខ័ណ្ឌ Premier League ដែលបានធ្វើឱ្យអ្នកគាំទ្រមានការខឹងសម្បារជាខ្លាំង ហើយពួកគេបានទាមទារឱ្យបណ្តេញអ្នកចាត់ការ David Moyes ចេញភ្លាមៗទាំងដែលការប្រកួតកំពុងដំណើរការមិនទាន់ចប់តង់ទីមួយស្រួលបួល។

ទោះ West Ham រកបានមួយគ្រាប់តាមពីក្រោយដោយការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Michael Antonio មុនចប់តង់ទីមួយពិតមែន ប៉ុន្តែក្រុមរបស់ David Moyes នៅតែមិនអាចវាយបកតាមយកមួយពិន្ទុពីក្រុមម្ចាស់ផ្ទះនោះឡើយ ដោយការប្រកួតបានបញ្ចប់ទៅក្នុងលទ្ធផល 5-2 ក្នុងកីឡដ្ឋាន Selhurst Park។ ក្រោយចប់ការប្រកួតដ៏លំបាកវេទនាមួយនេះ West Ham នឹងត្រូវបន្តធ្វើការកាន់តែធ្ងន់នៅសប្តាហ៍ក្រោយដោយត្រូវជួបជាមួយក្រុមកំពុងត្រូវការពិន្ទុដើម្បីដណ្តើមតំណែងជើងឯក Liverpool នាកីឡដ្ឋាន London Stadium របស់ខ្លួន៕