រវាង Man United នឹង Bayern តើក្លឹបមួយណាជាគោលដៅបន្ទាប់របស់ Zidane?

បើយោងតាមរបាយការណ៍ថ្មីបំផុតមួយ លោក Zinedine Zidane ទំនងជាបានរើសគោលដៅបន្ទាប់រួចទៅហើយ ក្នុងចំណោមក្លឹបធំៗពីរដូចជា Manchester United នឹង Bayern Munich។

សារព័ត៌មានធំរបស់ប្រទេសបារាំងមួយបានទម្លាយ កិច្ចព្រមព្រៀងដ៏មានសក្តានុពលណាមួយក្នុងការនាំ Zidane ទៅកាន់ប្រទេសអាឡឺម៉ង់កំពុងប្រឈមមុខនឹងឧបសគ្គយ៉ាងសំខាន់ជាច្រើន បើទោះបីជាអតីតគ្រូបង្វឹកក្រុម Real Madrid រូបនេះត្រូវបានទាក់ទងសម្រាប់មុខតំណែងដែលទំនេរក្នុងពេលឆាប់ៗនេះនៅឯកីឡដ្ឋាន Allianz Arena ក៏ដោយ។ Bayern ត្រូវ​បាន​គេ​និយាយ​ថា​នឹង​ព្យាយាមគ្រប់យ៉ាងដើម្បីបញ្ចុះបញ្ចូល Zidane មកលីកកំពូលអាឡឺម៉ង់ តែក្នុងចិត្តរបស់អតីតខ្សែបម្រើក្រុមជម្រើសជាតិបារាំងហាក់មានតែបិសាចក្រហមតែមួយប៉ុណ្ណោះ។

ទោះធ្លាប់ដឹកនាំតែ Real Madrid ក៏ពិតមែន ប៉ុន្តែពិភពបាល់ទាត់បានចាត់ទុក Zidane ថាជាគ្រូបង្វឹកដ៏ល្អមួយក្នុងចំណោមគ្រូបង្វឹកកំពូលៗនៅក្នុងពិភពលោក ដោយជួយក្លឹបអោយឈ្នះ Champions League រហូតដល់ទៅ 3 ដងជាប់ៗគ្នា។ ប្រភពដដែលបានអោយដឹងថែមទៀតថា Zidane កំពុងតាមដានស្ថានការណ៍នៅ Old Trafford យ៉ាងជិតស្និទ្ធ ស្របពេលដែលលោក Erik ten Hag ស្ថិតនៅក្រោមសម្ពាធយ៉ាងសំខាន់នៅ Man United ដោយក្លឹបនៅមិនទាន់អាចធានាកៅអីសម្រាប់ការប្រកួតក្នុងទ្វីបអឺរ៉ុបសម្រាប់រដូវកាលក្រោយនៅឡើយទេ៕​