Jude Bellingham ជំរុញអោយកីឡាករវ័យក្មេងអង់គ្លេសចេញពីស្រុកកំណើតអោយបានច្រើន

កំពូលខ្សែបម្រើវ័យក្មេង Jude Bellingham បានផ្តល់ដំបូន្មានដល់កីឡាករវ័យក្មេងរបស់អង់គ្លេសឱ្យមើលរំលងលីកកំពូល Premier League និងចាប់ផ្តើមអាជីពបាល់ទាត់របស់ពួកគេនៅបរទេសវិញទើបមានការប្រសើរ។

កីឡាករជម្រើសជាតិអង់គ្លេសបានចាកចេញពី Birmingham City ទៅចូលរួមជាមួយ Borussia Dortmund នៅវ័យត្រឹម 17 ឆ្នាំប៉ុណ្ណោះកាលពីឆ្នាំ 2020។ គាត់បានចំណាយពេលបីរដូវកាលនៅប្រទេសអាឡឺម៉ង់ មុនពេលទៅ Real Madrid កាលពីរដូវក្តៅមុនក្នុងតម្លៃ 103 លានអឺរ៉ូ ហើយចាប់តាំងពីពេលនោះមក Bellingham បានភ្លក់រសជាតិជោគជ័យយ៉ាងខ្លាំងក្នុងរដូវកាលដំបូងរបស់គាត់នៅក្នុងប្រទេសអេស្ប៉ាញ ដោយស៊ុតបញ្ចូលទីបាន 20 គ្រាប់ក្នុងការបង្ហាញខ្លួន 34 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់រហូតមកដល់ពេលនេះ។

នៅក្នុងកិច្ចសម្ភាសន៍មួយ Jude Bellingham បានសារភាពថាខ្លួនបានជ្រើសរើសផ្លូវដែលមិនសូវមានអ្នកដើរមួយ ដោយវាជាឱកាសដែលគេមិនដែលទទួលបាននៅប្រទេសអង់គ្លេស ហើយវាមិនមានការប៉ះពាល់ខ្លាំងទៅដល់កៅអីក្នុងក្រុមជម្រើសជាតិអង់គ្លេសរបស់គេនោះឡើយ។ ក្រោយរកឃើញភាពជោគជ័យដ៏ធំធេងទាំងនៅអាឡឺម៉ង់ នឹងអង់គ្លេស Jude បានជំរុញថាការលេងនៅក្រៅប្រទេសគឺមិនមែនជាជម្រើសដែលអាក្រក់នោះឡើយសម្រាប់កីឡាករអង់គ្លេសវ័យក្មេងដែលចង់ចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួនអោយបានល្អប្រសើរ៕