គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បានអះអាងថាក្លឹបរបស់គាត់មិនមានការភ័យខ្លាចចំពោះ Real Madrid នោះឡើយ ប៉ុន្តែទទួលស្គាល់ថាកីឡាករមួយរូបនេះអាចនឹងធ្វើអោយក្រុមរបស់លោកមានការឈឺក្បាល។

Guardiola ធ្លាប់បានប្រឈមមុខជាមួយ Real Madrid ចំនួន 22 ដងរួចមកហើយក្នុងអាជីពជាគ្រូបង្វឹករបស់គាត់សម្រាប់ក្លឹប Barcelona, Bayern Munich និង Manchester City ដោយគាត់នឹងព្យាយាមទម្លាក់ពួកគេចេញពីក្របខ័ណ្ឌ Champions League ជាលើកទី 4 នៅពេលដែលក្រុមរបស់គាត់ទទួលក្រុមរបស់លោក Carlo Ancelotti ក្នុងការប្រកួតជើងទីពីរវគ្គ 8 ក្រុមចុងក្រោយនៅកីឡដ្ឋាន Etihad ប្រទេសអង់គ្លេស។

និយាយនៅក្នុងសន្និសីទកាសែតមុនការប្រកួតជាមួយម្ចាស់ពាន UCL 14 សម័យ លោក Pep Guardiola បាននិយាយថាទោះលោកមិនខ្លាច Real Madrid ក៏ពិតមែន តែលោកមានការគោរពទៅដល់ Real ជាខ្លាំង។ លើសពីនេះ Pep ក៏បានព្រមានទៅដល់កូនក្រុមរបស់ខ្លួនត្រូវតែមានការប្រុងប្រយ័ត្នជាខ្លាំងចំពោះខ្សែបម្រើវ័យក្មេង Jude Bellingham ជាពិសេសសមត្ថភាពដែលគេអាចសម្របខ្លួននៅក្នុងក្លឹបខ្លាំងដូចជា Real Madrid ក្នុងរយះពេលដ៏ខ្លី៕