Thomas Tuchel បានចុចឈ្មោះកីឡាករក្រុមកាំភ្លើងធំ Arsenal ពីរនាក់ដែលអាចផ្តល់ជាគ្រោះថ្នាក់សម្រាប់ Bayern Munich ក្នុងជើងទីពីរនៃការប្រកួត Champions League វគ្គ 8 ក្រុមចុងក្រោយរបស់ពួកគេ។

បន្ទាប់ពីបញ្ចប់ការប្រកួតជើងទីមួយនៅកីឡដ្ឋាន Emirates Stadium កាលពីសប្តាហ៍មុនក្នុងលទ្ធផល 2-2 ពេលនេះក្រុមរបស់លោក Mikel Arteta នឹងត្រូវហោះហើរមកកាន់ប្រទេសអាឡឺម៉ង់ ដើម្បីសួរសុខទុក្ខក្រុមម្ចាស់ផ្ទះនៅកីឡដ្ឋាន Allianz Arena នៃទីក្រុង Munich ដើម្បីស្វែងរកក្រុមខ្លាំងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់លំដាប់កំពូលរបស់អឺរ៉ុប។

និយាយមុនការប្រកួត លោក Thomas Tuchel បានអះអាងថា កីឡាករកំពូលវ័យក្មេងទាំងពីររបស់ Arsenal រួមមាន Bukayo Saka នឹង Martin Odegaard គឺជាកីឡាករដែលអាចនឹងបង្កគ្រោះថ្នាក់ធ្ងន់ទៅដល់ Bayern ដោយការសម្រុកពីជ្រុងខាងស្តាំដៃ។ ទោះទើបបានរងបរាជ័យក្រោមថ្វីជើង Aston Villa កាលពីថ្ងៃអាទិត្យក៏ពិតមែន ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់នៅតែជឿជាក់ថា ក្រុមរបស់លោក Mikel Arteta នឹងប្រើប្រាស់គ្រប់ក្បាច់ដើម្បីព្យាយាមទម្លាក់ម្ចាស់ពាន Champions League ឆ្នាំ 2020 ត្រឹមវគ្គ 8 ក្រុមចុងក្រោយនេះ៕