Kingsley Coman ដាក់គោលដៅច្បាស់ៗចង់ចាកចេញពី Bayern Munich ទៅកាន់លីកមួយនេះវិញ

Kingsley Coman ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពី Bayern Munich ដើម្បីមកលេងនៅ Premier League ខណះដែលជួបប្រទះរដូវកាលដ៏គួរអោយខកចិត្តសម្រាប់ឆ្នាំនេះ។

ចាប់តាំងពីចូលរួមជាមួយ Bayern មក Coman គឺជាផ្នែកមួយដ៏សំខាន់នៃភាពជោគជ័យរបស់ក្លឹប ដោយបានរួមចំណែកដល់ការឈ្នះពានជាច្រើនរបស់ពួកគេរួមទាំងពានរង្វាន់ Champions League ក្នុងឆ្នាំ 2020 ផងដែរ។ ទោះបីជាមានកុងត្រាជាមួយ Bayern រហូតដល់ឆ្នាំ 2027 ក៏ដោយ អនាគតរបស់គាត់ជាមួយ Bauern មានលក្ខណះមិនប្រាកដប្រជា ខណៈដែលគាត់គិតអំពីលទ្ធភាពនៃការចាកចេញ និងត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តអាជីពរបស់គាត់នៅក្នុងលីកថ្មី ដែលអាចជាប្រទេសអង់គ្លេស ឬអេស្ប៉ាញ បន្ទាប់ពីធ្លាប់មានបទពិសោធន៍៍ជោគជាំរួចទៅហើយជាមួយលីកកំពូលអាឡឺម៉ង់ បារាំង នឹងអ៊ីតាលី។

នៅរដូវកាលនេះ Coman មិនសូវធ្វើបានល្អដោយសាររបួស ដែលកើតឡើងចាប់តាំងពីដើមឆ្នាំ 2024 នេះមក។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន 5 គ្រាប់ និងបញ្ជួនអោយមិត្តរួមក្រុមរកគ្រាប់បាន 3 ដង​ក្នុង​ការ​បង្ហាញ​ខ្លួន 26 លើក​នៅគ្រប់ការ​ប្រកួត​ដែល​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ឥទ្ធិពល​របស់​គាត់​នៅ​លើ​ទីលាន។ ទោះជាយ៉ាងណាក៏ដោយ ក្លឹបណាដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Coman នឹងត្រូវមកតុចរចាជាមួយប្រាក់យ៉ាងតិច 70 លានអឺរ៉ូ ដែលជាថ្លៃចាប់ផ្តើមពិភាក្សារបស់ Bayern Munich៕