កូនៗបីនាក់របស់ Harry Kane បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម ខណៈដែលខ្សែប្រយុទ្ធរបស់ Bayern កំពុងបំពេញភារកិច្ចអោយក្រុមនៅទីក្រុងឡុងដ៍។

យោងតាមសារព័ត៌មាន Bild ខណៈពេលដែល Kane កំពុងធ្វើដំណើរទៅទីក្រុងឡុងដ៍ដើម្បីលេងទល់នឹង Arsenal ក្នុងក្របខ័ណ្ឌ Champions League កូនរបស់គាត់បីនាក់បានជួបគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង Munich ប្រទេសអាឡឺម៉ង់។ កូនរបស់គេរួមមាន Louis, Vivienne និង Ivy កំពុងធ្វើដំណើរក្នុងឡានពណ៌ខ្មៅជាមួយមេដោះ ហើយបានជួបគ្រោះថ្នាក់ជាមួយរថយន្ត Renault ។ ជនរងគ្រោះទាំងអស់បានរងរបួសស្រាលត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ។

រថយន្ត Renault មួយនេះបុកជាមួយរថយន្តដែលគ្រួសារ Kane កំពុងធ្វើដំណើរ ព្រមទាំងរថយន្ត Land Rover មួយផ្សេងថែមទៀផងដែរ។ ជាលទ្ធផល សមត្ថកិច្ចជំនាញបានបិទផ្លូវអស់រយៈពេលប្រហែល 2 ម៉ោង ដោយអ្នកបើកបរ និងអ្នកដំណើរទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ បើតាមលទ្ធផលបឋម អ្វីៗត្រូវបានដោះស្រាយរួចជាស្រេច ដោយអ្នកដែលជាប់ពាក់ព័ន្ធសុទ្ធសឹងតែមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីនោះឡើយ ក្រៅពីការខូចខាតរថយន្តបន្តិចបន្តួច៕