គ្មានចេះលាក់លៀមអីទេ! លោក Paul Scholes ព្រលះ Mainoo នឹង Garnacho ចំៗដោយសាររឿងមួយនេះ

វីរកីឡាកររបស់ក្រុម Manchester United លោក Paul Scholes បានធ្វើការរិះគន់យ៉ាងច្បាស់ៗទៅលើកីឡាករវ័យក្មេង Alejandro Garnacho និង Kobbie Mainoo ចំពោះការពាក់អាវភ្លៀងរបស់ពួកគេអំឡុងពេលហ្វឹកហាត់ដែលមានភ្លៀងធ្លាក់។

តារាវ័យក្មេងរបស់បិសាចក្រហមទាំងពីរត្រូវបានគេថតជាប់ថាបានពាក់អាវភ្លៀងអំឡុងពេលហ្វឹកហាត់ទាំងសើម និងខ្យល់ខ្លាំងនៅឯមជ្ឈមណ្ឌលហ្វឹកហាត់ Trafford របស់ពួកគេ ដែលធ្វើឲ្យអតីតខ្សែបម្រើរូបនេះមិនសប្បាយចិត្តទាល់តែសោះ។ Scholes បានសារភាពថាគាត់មិនមានបញ្ហាអ្វីនោះឡើយជាមួយកីឡាករដែលពាក់មួក និងស្រោមដៃក្នុងការហ្វឹកហាត់ពេលភ្លៀង ប៉ុន្តែនិយាយថាការពាក់អាវភ្លៀងនឹងរារាំងពួកគេមិនឱ្យលេងបានតាមស្តង់ដារដែលត្រូវការ។

នៅក្នុងបណ្តាញសង្គម Instagram អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានបង្ហោះរូបរបស់ Kobbie Mainoo នឹង Garnacho ពេលកំពុងហ្វឹកហាត់ ដោយបានសរសេរភ្ជាប់ថា “វាមិនអ្វីឡើយសម្រាប់ការពាក់មួកនឹងស្រោមដៃ ប៉ុន្តែវាមិនអាចទៅរួចនោះឡើយក្នុងការហ្វឹកហាត់ត្រឹមត្រូវដោយការពាក់អាវភ្លៀងគ្របខ្លួន។ ស្តង់ដានៃកីឡាករគ្រប់រូបគឺចាប់ផ្តើមពីទីលានហ្វឹកហាត់”។ គួររំលឹកផងដែរថា Scholes គឺជាខ្សែបម្រើមួយរូបដែលស្ថិតក្រោមការដឹកនាំយ៉ាងតឹងរឹងរបស់លោក Sir Alex Ferguson ហើយមិនដែលទទួលបានការដឹកនាំទន់ភ្លន់ដូចកីឡាករបច្ចុប្បន្ននោះឡើយ៕