Paris Saint-Germain មិនទាន់បានបោះបង់ក្តីសង្ឃឹមក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Gavi ពីអ្នកមានបុណ្យ Barcelona ឡើយ បើទោះបីជាក្លឹបយក្សកាតាឡាន់គ្មានបំណងចង់លក់គ្រាប់ពេជ្ររបស់គេទាល់តែសោះក៏ដោយ។

PSG បានសម្លឹងឃើញតាំងពីរដូវកាលមុនថា Gavi ជាកីឡាករនៅលើកំពូលបញ្ជីរបស់ក្លឹប ខណះដែល PSG ចង់នាំយកកីឡាករវ័យក្មេងដើម្បីមកកែប្រែទម្រង់លេងនៅតំបន់បម្រើ ហើយគិតមកទល់ពេលនេះ ក្រុមរបស់លោក Luis Enrique នៅតែមិនទាន់អស់សង្ឃឹមនៅឡើយទេ។ ការចុះហត្ថលេខាលើកីឡាករវ័យ 19 ឆ្នាំនឹងមិនងាយស្រួលទេសម្រាប់ម្ចាស់ជើងឯកបារាំង ដោយ Barcelona មិនមានចំណាប់អារម្មណ៍ក្នុងការលក់កីឡាករដែលចេញពីសាលា La Masia ដ៏មានតម្លៃរបស់ពួកគេទេ ដោយបានចុះកិច្ចសន្យាជាមួយ Gavi ដែលមានសុពលភាពរហូតដល់ឆ្នាំ 2026 ហើយភ្ជាប់ជាមួយតម្លៃផ្តាច់កុងត្រារហូតដល់ទៅ 1 ពាន់លានអឺរ៉ូឯណោះ។

ផ្លូវតែមួយគត់ដែលអាចទៅរួចសម្រាប់ PSG រឺក្រុមផ្សេងក្នុងការចុះហត្ថលេខា Gavi គឺដោយសារតែបញ្ហាហិរញ្ញវត្ថុដែលកំពុងបន្តរបស់ Barcelona។ Barcelona ប្រហែលជាត្រូវដកកីឡាករឆ្នើមមួយចំនួនក្នុងពេលអនាគតដ៏ខ្លីខាងមុខ មុនពេលពួកគេអាចវិនិយោគលើកីឡាករថ្មី ប៉ុន្តែគ្រូបង្វឹក Xavi បាននិយាយយ៉ាងច្បាស់កាលពីខែកុម្ភះកន្លងទៅថាទោះជាយ៉ាងណាក៏ដោយ Gavi នឹងមិនចាកចេញពីក្លឹបអេស្ប៉ាញឡើយ ដោយបានចាត់ទុក Gavi គឺជាអនាគតរបស់ Barcelona តែមួយគត់៕