កីឡដ្ឋានទំនើបធ្វើអីក៏សម! Real Madrid ស្នើអោយការប្រកួតទល់នឹង Man City លេងក្នុងលក្ខខណ្ឌមួយនេះ

ក្រុមអធិរាជស Real Madrid ចង់អោយការប្រកួតពាន UEFA Champions League ទល់នឹងក្រុមខ្លាំង Manchester City មានលក្ខខណ្ឌដ៏ប្លែកមួយដែលបញ្ជាក់ពីបច្ចេកវិទ្យាទំនើបថ្មីរបស់កីឡដ្ឋាន។

យោងតាមសារព័ត៌មាន ESPN បានឱ្យដឹងថា Real Madrid បានស្នើសុំការអនុញ្ញាតពី UEFA ដើម្បីធ្វើការប្រកួតជើងទី 1 នៃក្របខ័ណ្ឌ Champions League វគ្គ 8 ក្រុមចុងក្រោយររបស់ពួកគេ ដោយការបិទដំបូលកីឡដ្ឋាន Santiago Bernabeu ។ ការធ្វើបែបនេះគឺក្លឹបចង់បង្ហាញពីបច្ចេកវិទ្យាទំនើបនៃកីឡដ្ឋានដែលទើបនឹងជួសជុលថ្មីរបស់ពួកគេ ជាពិសេសដំបូលដែលអាចបិទបើកបាន ហើយពួកគេជឿថាការបិទដំបូលកីឡដ្ឋាននឹងអនុញ្ញាតឱ្យមានបរិយាកាសកាន់តែប្រសើរឡើងនៅក្នុងការប្រកួតដ៏សំខាន់ជាមួយនឹងក្រុមម្ចាស់ជើងឯករដូវកាលមុន។

ប្រភពដដែលបានទម្លាយថា UEFA នឹងធ្វើការសម្រេចចិត្តលើបញ្ហានេះក្នុងអំឡុងពេលកិច្ចប្រជុំបច្ចេកទេសមុនការប្រកួតដែលគ្រោងនឹងធ្វើឡើងប្រមាណ 24 ម៉ោងមុនជំនួបរវាងក្រុមទាំងពីរ។ ពួកគេ​នឹង​ពិគ្រោះ​ជាមួយ​អាជ្ញាកណ្តាល​នៃ​ការប្រកួត​ពោល​គឺ​លោក Francois Letexier មុនពេលចេញការសម្រេចចិត្តជាផ្លូវការ៕