សមត្ថកិច្ចប្រទះឃើញសាកសពបុរសមួយរូបនៅក្រៅកីឡដ្ឋានរបស់ Tottenham មុនជំនួបជាមួយ Nottingham

មុនការប្រកួតរវាងក្រុម Tottenham Hotspur ទល់នឹង Nottingham Forest មានរឿងភ្ញាក់ផ្អើលមួយកើតឡើង ដោយសមត្ថកិច្ចបានរកឃើញសាកសពបុរសម្នាក់បាត់បង់ជីវិតនៅក្បែរកីឡដ្ឋាន Tottenham Hotspur Stadium។

កងកម្លាំងសមត្ថកិច្ច និង​សេវា​រថយន្ត​សង្គ្រោះ​បាន​ចូល​រួម​កន្លែង​កើត​ហេតុ​នៅ​ឧទ្យាន Northumberland នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អាទិត្យ ដោយពួកគេត្រូវបានជូនដំណឹងអំពីវត្តមានរបស់បុគ្គលម្នាក់ដែលត្រូវបានទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងររហូតបាត់បង់ជីវិត។ ប៉ូលីសរបស់ទីក្រុងឡុងដ៍បានបញ្ជាក់ថា បុរសមិនស្គាល់អត្តសញ្ញាណម្នាក់នេះបានបាត់បង់ជីវិតនៅភាគខាងជើងទីក្រុងឡុងដ៍ ដោយសាររបួសស្នាមត្រូវបានគេចាក់ដោយកាំបិត។ ការជួយសង្គ្រោះបន្ទាន់ CPR ត្រូវ​បាន​គេ​ប្រើប្រាស់ទៅលើជនរងគ្រោះ ប៉ុន្តែ​គេ​ត្រូវ​បាន​គេ​ប្រកាស​ថា​បាត់បង់ជីវិតភ្លាមៗនៅ​កន្លែង​កើត​ហេតុ ខណះការស៊ើបអង្កេតស្វែងរកជនជាប់ចោទត្រូវបានធ្វើឡើងភ្លាមៗ។

យ៉ាងណាក្តី ការប្រកួតរវាង Spur នឹង Nottingham មិនត្រូវបានលុបចោលរឺលើកពេលលេងអ្វីនោះឡើយ ដោយអ្នកគាំទ្រនៅតែត្រូវបានអនុញ្ញាតអោយចូលទស្សនាការប្រកួតលីកកំពូលអង់គ្លេស Premier League បានធម្មតា ហើយសមត្ថកិច្ចបានសម្រេចបិទតែតំបន់ក្បែរកន្លែងកើតហេតុដូចជា ឧទ្យាន Northumberland នឹងផ្លូវផ្សេងៗដូចជា Vicarage រួមទាំង Worcester៕