នាយកប្រតិបត្តិរបស់ក្លឹប Bayern Munich លោក Max Eberl បានសារភាពថា ពួកគេមានក្តីសង្ឃឹមកាន់តែតិចក្នុងការផ្តួលក្រុមកាំភ្លើងធំ Arsenal ក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពីការភ្លាត់ស្នៀតចាញ់ក្រុម Heidenheim។

ម្ចាស់ការពារតំណែងជើងឯក 11 សម័យបានរងបរាជ័យក្រោមថ្វីជើងក្រុមដែលទើបតែឡើងមកពីលីកទីពីរអាឡឺម៉ង់ ទាំងដែលធ្វើការនាំមុខពីរគ្រាប់មុនដោយ Harry Kane នឹង Serge Gnabry។ គិតមកទល់ពេលនេះ Bayern Munich កំពុងឈរនៅលេខ 2 តាមពីក្រោមក្រុមកំពូលតារាងដែលមិនស្គាល់ពាក្យចាញ់សូម្បីមួយប្រកួតពោលគឺ Bayer Leverkusen រហូតដល់ទៅ 16 ពិន្ទុ ខណះដែលការប្រកួត Bundesliga នៅសល់ត្រឹមតែ 6 ប្រកួតទៀតប៉ុណ្ណោះ។

ពានដែលនៅសល់តែមួយគត់សម្រាប់ Bayern រដូវកាល 2023-2024 នេះគឺមានតែពាន UEFA Champions League ប៉ុណ្ណោះ ដោយត្រូវជួបជាមួយក្រុមខ្លាំងមកពីអង់គ្លេស Arsenal ប៉ុន្តែថ្នាក់ដឹកនាំរបស់ Bayern មិនជឿជាក់ថាក្រុមរបស់ខ្លួននឹងទទួលជោគជ័យលើក្រុមកាំភ្លើងធំនោះឡើយ ទោះបីប្រវត្តិជួបគ្នានៅក្នុងពានមួយនេះសម្រាប់ក្រុមទាំងពីរគឺមានភាពខុសគ្នាឆ្ងាយក៏ដោយ។ នៅក្នុងការជួបគ្នា 12 ដង ក្រុមរបស់លោក Thomas Tuchel អាចយកឈ្នះរហូតដល់ទៅ 7 ដង ស្របពេល Arsenal ធ្លាប់ឈ្នះតែ 3 ប្រកួតគត់ ហើយ 2 ប្រកួតគឺមិនអាចរកអ្នកឈ្នះបាន៕