លោក Rio Ferdinand បានទម្លាយថាកូនប្រុសអាយុត្រឹម 3 ឆ្នាំរបស់ខ្លួនបានសុំឈប់គាំទ្របិសាចក្រហម Manchester United ជាផ្លូវការបន្ទាប់ពីការបរាជ័យក្នុងលទ្ធផល 4-3 យ៉ាងអាម៉ាស់ក្រោមថ្វីជើងក្រុមតោខៀវ Chelsea។

គ្រាប់បាល់ hat-trick របស់កីឡាករកំពុងឡើងជើង Cole Palmer ជួយអោយក្រុមម្ចាស់ផ្ទះ Chelsea វាយបកយកឈ្នះលើបិសាចក្រហមយ៉ាងអស្ចារ្យក្នុងកីឡដ្ឋាន Stamford Bridge នៅនាទីទី 100 នឹង 101។ 12 ម៉ោងក្រោយលទ្ធផលមួយនេះ អតីតខ្សែការពារកណ្តាលរបស់ Man United លោក Rio Ferdinand បានចេញមកសរសេរជាសាធារណះថាកូនប្រុសរបស់គាត់ពោលគឺ Cree Ferdinand ចង់ស្វែងរកក្រុមផ្សេងដើម្បីគាំទ្រជំនួសអោយក្រុមរបស់លោក Erik ten Hag។

លទ្ធផលមួយនេះមិនត្រឹមតែធ្វើអោយអ្នកគាំទ្រ Man United ជុំវិញពិភពលោកមានការអាម៉ាស់នោះទេ វាថែមទាំងបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើក្តីសង្ឃឹមក្នុងការស្វែងរកកៅអីលេងការប្រកួត Champions League នារដូវកាលក្រោយថែមទៀតផង ខណះដែលគម្លាតពីក្រុមលេខ 5 Tottenham Hotspur គិតត្រឹមពេលនេះមានរហូតដល់ទៅ 9 ពិន្ទុស្របពេលដែលរដូវកាល 2023-2024 កៀកក្នុងការមកដល់ទីបញ្ចប់៕