កីឡាករ Oleksandr Zinchenko បាននិយាយថាខ្លួននឹងទៅដោយមិនមានការស្ទាក់ស្ទើរនោះឡើយ ប្រសិនបើរដ្ឋាភិបាលប្រទេសអ៊ុយក្រែនកោះហៅខ្លួនចូលបម្រើការងារទាហាន កំឡុងសង្គ្រាមជាមួយប្រទេសរុស្ស៊ី។

ភ្លើងសង្គ្រាមរវាងប្រទេសរុស្ស៊ីទៅលើអ៊ុយក្រែនបានចាប់ផ្តើមឡើងកាលពីខែកុម្ភះឆ្នាំ 2022 ដោយសម្ពាធបានកើនឡើងជាខ្លាំងនៅតំបន់ Donbas នៃប្រទេសអ៊ុយក្រែន។ បន្ទាប់ពីមានការប្រកាសពីប្រធានាធិបតីលោក Vlodimir Zelensky ដើម្បីស្វែងរកទាហានស្ម័គ្រចិត្តដែលមានអាយុចន្លោះ 25 ទៅ 27 ឆ្នាំមក Zinchenko ធ្លាប់បានព្យាយាមសុំចូលបម្រើការអោយទាហានអ៊ុយក្រែននៅពេលសង្គ្រាមចាប់ផ្តើមដំបូង ប៉ុន្តែត្រូវបានរារាំងដោយសារតែគ្រួសាររបស់គេភ្លាមៗ។

ចាប់តាំងពីស្ថានភាពកាន់តែអាក្រក់ ទំនាក់ទំនងរបស់ Zinchenko ជាមួយមិត្តរួមក្រុមនៅប្រទេសរុស្ស៊ីប្រែជាល្អក់កករ ដោយអតីតខ្សែការពារស្លាបឆ្វេងរបស់ Man City រូបនេះបានអះអាងថា អតីតមិត្តរួមក្រុមនៅក្លឹប UFA របស់រុស្ស៊ីបានទាក់ទងមកខ្លួនជុំវិញបញ្ហាសង្គ្រាម ប៉ុន្តែរូបគេមិនដឹងត្រូវឆ្លើយតបបែបណាព្រោះការសម្រេចចិត្តរបស់ប្រទេសជាតិមិនមែនធ្វើឡើងដោយកីឡាករទាំងនោះឡើយ ដូចនេះ Zinchenko មិនអាចប្រាប់អោយកីឡាករទាំងនោះទៅធ្វើបាតុកម្មប្រឆាំងការសម្រេចចិត្តរបស់ប្រធានាធិបតី Vladimir Putin នោះទេ៕