Man City អាចនឹងគេចពីការកាត់ចោល ដោយសារកំណែទម្រង់ថ្មីរបស់ Premier League

Premier League ត្រូវបានគេរាយការណ៍ថាគ្រោងនឹងផ្លាស់ប្តូរចំណុចមួយចំនួនដែលពាក់ព័ន្ធនឹងច្បាប់ Financial Fair Play ដែលអាចជួយអោយក្រុមមេឃខៀវ Manchester City គេចផុតពីការកាត់ចោល។

ម្ចាស់ការពារតំណែងជើងឯកលីកកំពូលអង់គ្លេសកំពុងស្ថិតក្រោមការចោទប្រកាន់ថាបានរំលោភបំពានច្បាប់ Financial Fair Play រហូតដល់ទៅ 115 ករណីដែលមិនទាន់អាចដោះស្រាយចេញនៅឡើយ។ Man City កំពុងធ្វើការឃ្លាំមើលយ៉ាងអន្ទះសារ ខណៈដែលក្រុម Everton និង Nottingham Forest សុទ្ធសឹងតែបានឆ្លើងកាត់ការកាត់ពិន្ទុរួចមកហើយសម្រាប់រដូវកាល 2023-2024 នេះស្របពេលដែលអ្នកគាំទ្រជាច្រើនជឿជាក់ថា ករណីរបស់ Man City នឹងមានភាពធ្ងន់ធ្ងរជាខ្លាំងប្រសិនបើរកឃើញថាពួកគេពិតជាបានធ្វើខុសមែន។

យ៉ាងណាក្តី សារព័ត៌មាន Daily Mail បានបញ្ជាក់ថាពេលនេះ Premier League នឹងសហព័ន្ធបាល់ទាត់អង់គ្លេសកំពុងតែរៀបចំខ្លួនក្នុងការកែប្រែចំណុចមួយចំនួនពាក់ព័ន្ធនឹងច្បាប់ស្តីពីប្រាក់ចំណេញ និងនិរន្តរភាព ដោយការកែប្រែថ្មីនេះអាចនឹងជួយក្រុមរបស់លោក Pep Guardiola យ៉ាងខ្លាំង ខណះដែលក្រុមដែលចាយលុយធំដូចជា Chelsea, Aston Villa នឹង Newcastle United សុទ្ធសឹងតែត្រូវតាមដានស្ថានការមួយនេះអោយបានជិតដិត។ ប្រសិនបើការកែប្រែច្បាប់មិនអាចកើតឡើង ក្រុមដូចជា Newcastle នឹង Aston Villa នឹងត្រូវបង្ខំចិត្តលក់កីឡាកររបស់ខ្លួន ដើម្បីរក្សាសមតុល្យក្នុងសៀវភៅគណនីរបស់ក្លឹប៕