ក្លឹបធំៗបីនៅអឺរ៉ុប ត្រៀមលុយ 200 លានអឺរ៉ូដណ្តើមយក Vinicius ពី Real Madrid

ក្លឹប Real Madrid អាចនឹងសម្រេចចិត្តក្នុងការលក់ខ្សែប្រយុទ្ធស្លាបឆ្វេង Vinicius ដើម្បីបង្កើតចន្លោះសម្រាប់ Kylian Mbappe ខណះដែលក្លឹបជាច្រើននៅអឺរ៉ុបបានបង្ហាញពីចំណាប់អារម្មណ៍ទៅលើកីឡាករប្រេស៊ីលរូបនេះ។

នៅក្នុងការរាយការណ៍ពីសារព័ត៌មាន El Debate បានទម្លាយថាក្លឹបធំៗជាច្រើនរួមមាន Chelsea, Liverpool ក៏ដូចជា Paris Saint-Germain បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លាទៅលើ Vinicius ហើយក្រុមទាំងបីសុទ្ធសឹងតែហ៊ានចំណាយលុយធំដើម្បីនាំយករូបគេនៅរដូវក្តៅនេះ។ ប្រភពដដែលបានអះអាងថា ក្លឹបធំៗទាំងនោះអាចនឹងធ្វើការដេញថ្លៃនាំយក Vinicius នៅក្នុងតម្លៃយ៉ាងតិច 200 លានអឺរ៉ូ។ កីឡាករប្រេស៊ីលរបស់ Real Madrid មួយរូបទៀតដែលត្រូវបានផ្សារភ្ជាប់ជាមួយការចាកចេញនោះគឺ Rodrygo Goes ដែលបានទាក់ទាញក្រសែភ្នែករបស់ក្រុមជាច្រើនដូចជា Manchester United, Manchester City, Arsenal នឹង Liverpool។

ទោះមានការចង់បានពីក្លឹបជាច្រើននៅជុំវិញទ្វីបអឺរ៉ុបក៏ពិតមែន កីឡាករទាំងពីររូបហាក់មិនមានចេតនាក្នុងការចាកចេញពីក្រុមកំពូលតារាងលីកអេស្ប៉ាញនោះឡើយ ស្របពេលដែលក្លឹប Real Madrid ក៏មានការជឿជាក់ផងដែរថា ការមកដល់របស់ Kylian Mbappe នឹងមិនអាចបង្កើតជាបញ្ហាអ្វីនោះឡើយទៅដល់ Vinicius នឹង Rodrygo៕