លាភធំហើយ! កីឡាករចំណូលថ្មី Chelsea មួយនេះត្រៀមទទួលការតម្លើងប្រាក់ខែទ្រង់ទ្រាយធំ ក្រោយឡើងកូដខ្លាំង

កីឡាករចំណូលថ្មី Cole Palmer នឹងត្រូវទទួលរង្វាន់ធំដោយការតម្លើងប្រាក់បៀវត្សទ្រង់ទ្រាយធំមួយពីក្លឹបតោខៀវ Chelsea បន្ទាប់ពីការបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម ក្រោយទើបតែផ្ទេរមកពីមេឃខៀវ Manchester City។

ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះបានក្លាយជាចំណែកដ៏ធំមួយក្នុងរដូវកាលដំបូងរបស់គាត់នៅឯកីឡដ្ឋាន Stamford Bridge និងជាកីឡាករឆ្នើមម្នាក់របស់ Chelsea ក្នុងរដូវកាល 2023-2024 នេះ។ ចាប់តាំងពីចូលរួមជាមួយក្លឹបពីក្លឹប Manchester City កាលពីរដូវក្តៅមុនមក Palmer ស៊ុតបញ្ចូលទីបាន 16 គ្រាប់ក្នុង 35 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ ហើយក៏បានបញ្ជូនអោយមិត្តរួមក្រុមរកគ្រាប់បាល់បាន 12 ដងផងដែរ។

កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករវ័យ 21 ឆ្នាំជាមួយក្រុមរបស់លោក Mauricio Pochettino អាចផ្តល់អោយគេនូវប្រាក់ 8 មុឺនផោនក្នុងមួយសប្តាហ៍ប៉ុន្តែប្រភពគួរអោយទុកចិត្តមួយពីសារព័ត៌មាន Daily Mail បានរាយការណ៍ថា Chelsea គ្រោងនឹងផ្តល់រង្វាន់ដល់គាត់ដោយកិច្ចសន្យាជាមួយនឹងកម្រៃថ្មីនៅមុនរដូវកាល 2024-2025 ។ ខណៈដែលក្លឹបមិនទាន់ចាប់ផ្តើមពិភាក្សាជាមួយកីឡាករលើកិច្ចសន្យាថ្មី ថ្នាក់ដឹកនាំ Chelsea បានទទួលស្គាល់ក្រៅផ្លូវការទៅហើយថា Palmer ពិតជាសាកសមក្នុងការទទួលបានប្រាក់បៀវត្សបន្ថែមក្រោយអភិវឌ្ឍខ្លួនយ៉ាងខ្លាំង ទាំងដែលក្លឹបកំពុងជួបការលំបាកប៉ុន្មានរដូវកាលចុងក្រោយនេះ៕