សមត្ថកិច្ចជំនាញនៃប្រទេសអេស្ប៉ាញកំពុងស៊ើបអង្កេតគណនីធនាគាររបស់អតីតខ្សែការពាររបស់ក្លឹប Barcelona លោក Gerard Pique ជុំវិញករណីពុករលួយពាក់ព័ន្ធទៅនឹងលោក Luis Rubiales។

យោងតាមសារព័ត៌មាន AS គណនីធនាគាររបស់ Pique កំពុងត្រូវបានស៊ើបអង្កេតដោយសារតែទំនាក់ទំនងរវាងក្រុមហ៊ុន Kosmos និងអតីតប្រធានសហព័ន្ធបាល់ទាត់អេស្បាញលោក Rubiales ដែលត្រូវបានចាប់ខ្លួនហើយដោះលែងនៅពេលត្រឡប់ចូលស្រុកវិញ។ ការស៊ើបអង្កេតរបស់តុលាការបច្ចុប្បន្នគឺផ្តោតសំខាន់ទៅលើកិច្ចព្រមព្រៀងដែលលោក Rubiales បានត្រួតពិនិត្យដែលនាំឱ្យការប្រកួត Spanish Super Cup ធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត។ ករណីអំពើពុករលួយរបស់លោក Rubiales បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយក្នុងប្រទេសអេស្ប៉ាញ ប៉ុន្តែខណះដែលការស៊ើបអង្កេតមិនទាន់រកឃើញទីបញ្ចប់ តួនាទីរបស់ Gerard Pique នៅតែមិនទាន់អាចកំណត់បាននៅឡើយ។

អ្នកតំណាងក្រុមហ៊ុន Kosmos បានចេញមកនិយាយកាលពីពេលថ្មីៗនេះថា គ្មានបុគ្គលិករបស់ក្រុមហ៊ុនណាម្នាក់ត្រូវបានឃាត់ខ្លួន ឬដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេត ហើយមិនមានទ្រព្យសម្បត្តិណាមួយត្រូវបានបាត់បង់នោះទេ។ ក្រុមហ៊ុនដែលបង្កើតឡើងដោយ Pique ត្រូវបានគេស្គាល់ច្បាស់បំផុតសម្រាប់ភាពជាដៃគូជាមួយការប្រកួតវាយតេន្នីស Davis Cup ដែលមានចន្លោះពីឆ្នាំ 2018 ដល់ឆ្នាំ 2023 បើទោះបីជាកិច្ចព្រមព្រៀងដំបូងបានបញ្ជាក់ពីភាពជាដៃគូរយៈពេល 25 ឆ្នាំក៏ដោយ៕