Andre Onana បានទម្លាយអោយដឹងពីពាក្យលើកទឹកចិត្តដែលគាត់ទទួលបានពីអតីតអ្នកចាំទីរបស់បិសាចក្រហម Manchester United លោក Edwin van der Sar អំឡុងពេលការចាប់ផ្តើមជីវិតដ៏លំបាករបស់គាត់នៅក្នុងប្រទេសអង់គ្លេស។

កីឡាករសញ្ជាតិកាមេរូនបានមកដល់ទឹកដី Old Trafford ជាមួយនឹងការសាទរអ្នកគាំទ្រជាច្រើន ប៉ុន្តែបែរជាបានជួបការលំបាកក្នុងការសម្របខ្លួនទៅនឹងសម្ពាធនៃការលេងឱ្យ Man United ដោយប្រែជាបានបង្កការខកចិត្តជាច្រើន។ Onana ធ្លាប់បាននិយាយជាលក្ខណះបើកចំហររួចមកហើយពីការតស៊ូទាំងនោះ ប៉ុន្តែមួយរយះចុងក្រោយរូបគេបានទទួលនូវការទូន្មានពីអតីតកំពូលកីឡាករមួយរូបដែលធ្លាប់ជាកីឡាករបស់ Manchester United ស្រាប់។

អតីតអ្នកចាំទីក្រុម Ajax នឹង Inter Milan បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តីផ្លូវការរបស់ក្លឹបបិសាចក្រហម ដោយបាននិយាយថារូបគេបានធ្វើការសន្ទនាជាមួយ Van der Sar ចាប់តាំងពីការមកដល់ដំបូង ដោយអ្នកចាំទីសញ្ជាតិហូឡង់បានប្រាប់ Onana អោយចំណាយពេលវេលាខ្លះដើម្បីសម្របខ្លួន នឹងព្យាយាមបង្ហាញពិភពបាល់ទាត់ថាខ្លួនគេជានរណាដោយមិនចាំបាច់លាក់លៀម។ ក្រោយបង្កកំហុសជាច្រើនដងកាលពីដើមរដូវកាល Onana ពេលនេះបានបង្ហាញខ្លួនយ៉ាងល្អសម្រាប់ក្លឹប ជាពិសេសកំឡុងការប្រកួតទល់នឹងក្រុម Liverpool ក៏ដូចជា Everton ផងដែរ៕