Trent Alexander-Arnold និង Gareth Southgate បានជួបពិភាក្សាគ្នាយ៉ាងរលូន ខណៈដែលក្រុម Liverpool បានលើកឡើងអំពីការផ្លាស់ប្តូរតួនាទីទៅជាខ្សែបម្រើសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសនៅពាន EURO ឆ្នាំ 2024 នេះ។

ខ្សែការពារហង្សក្រហមត្រូវបានប្រើប្រាស់ជាច្រើនតំបន់ដោយលោក Jurgen Klopp ជាយូរណាស់មកហើយដែលអនុញ្ញាតឱ្យគាត់មានសេរីភាពកាន់តែច្រើនក្នុងការលេងនៅតំបន់កណ្តាលកណ្តាល។ Alexander-Arnold សារភាពថាគាត់រីករាយនឹងសកម្មភាពនៅតំបន់បម្រើនៅ Liverpool ក្នុងឆ្នាំនេះ ដែលអាចជាតំណែងចម្បងរបស់គាត់សម្រាប់ការប្រកួតនៅប្រទេសអាឡឺម៉ង់នៅរដូវក្តៅ។ ជាលទ្ធផល កីឡាករវ័យ 25 ឆ្នាំរូបនេះបានបង្ហើបថាគាត់បានទាក់ទងទៅកាន់លោក Southgate ដើម្បីពិចារណាក្នុងការប្តូរតំណែងចេញពីតំបន់ការពារស្លាបស្តាំវិញ។

Trent បានប្រាប់ទៅកាន់អតីតខ្សែការពារ Liverpool លោក Jamie Carragher ថាបើទោះបីជាខ្លួនមានភាពរីករាយនៅតំបន់បម្រើពិតមែន ប៉ុន្តែអ្វីៗគឺស្ថិតនៅលើការសម្រេចចិត្តរបស់លោក Gareth Southgate ទាំងស្រុង ដោយត្រូវចាំមើលថាលោក Southgate ចង់អោយរូបគេលេងមានការការពារខ្ពស់ រឺមានសកម្មភាពខ្លាំងក្នុងនាមជាខ្សែបម្រើ។ គិតមកទល់ពេលនេះ តំបន់បម្រើការពាររបស់អង់គ្លេសគឺមានតែ Declan Rice នឹង Jude Bellingham ដែលត្រូវបង្ខំចិត្តលេងនៅក្រោមទាំងដែលខ្លួនជាខ្សែបម្រើប្រយុទ្ធ ដូចនេះ Arnold ក៏ដូចជាកីឡាករ Kobbie Mainoo សុទ្ធសឹងតែអាចជាជម្រើសដ៏ល្អមួយសម្រាប់តំណែងមួយនេះនៅពាន EURO ខាងមុខ៕