ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារះកីឡា Adidas បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនបានបញ្ឈប់ការផលិតក៏ដូចជាហាមឃាត់អ្នកគាំទ្រដែលទិញអាវក្រុមជម្រើសជាតិអាឡឺម៉ង់ដែលទើបនឹងចេញសម្រាប់ព្រឹត្តិការណ៍ Euro 2024 ជាមួយនឹងលេខ 44 បោះពុម្ពពីក្រោយ។

សហព័ន្ធបាល់ទាត់អាឡឺម៉ង់ និងក្រុមហ៊ុន Adidas បានធ្វើការសម្រេចចិត្តក្នុងការដកចេញ និងរចនាឡើងវិញនូវលេខ 4 ដែលបានបង្កើតឡើងសម្រាប់ប្រើប្រាស់ជាមួយឈុតរបស់ម្ចាស់ផ្ទះពានទ្វីបអឺរ៉ុប។ ចាប់តាំងពីឯកសណ្ឋានថ្មីត្រូវបានដាក់ឱ្យដំណើរការកាលពីខែមុន ភាពស្រដៀងគ្នាត្រូវបានគេប្រទះឃើញរវាងពុម្ពអក្សរដែលប្រើសម្រាប់លេខ 4 ជាពិសេសលេខ 44 និងនិមិត្តសញ្ញាដែលប្រើដោយ Nazi SS ក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ។ រូបតំណាង SS នេះគឺជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដ៏អាក្រក់បំផុតជាច្រើនប្រឆាំងនឹងមនុស្សជាតិដែលបានប្រព្រឹត្តដោយក្រុម Nazi អាឡឺម៉ង់។

Adidas នឹង សហព័ន្ធបាល់ទាត់អាឡឺម៉ង់សុទ្ធសឹងតែបានចេញនូវសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងឧបទ្ទវហេតុមួយនេះ ជាក់ស្តែងភាគីអាឡឺម៉ង់បានអះអាងថាសហព័ន្ធបានបញ្ជូនលេខអាវពី 1 ដល់ 26 ទៅកាន់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ដើម្បីធ្វើការត្រួតពិនិត្យ ហើយបានចេញជាលទ្ធផលថាមិនមានពាក់ព័ន្ធនឹងសញ្ញាតំណាងក្រុម Nazi នោះឡើយ។ យ៉ាងណាមិញ ការរិះគន់យ៉ាងចាស់ដៃពីអ្នកគាំទ្របាល់ទាត់ជាពិសេសអ្នកគាំទ្រក្នុងស្រុក បានជម្រុញអោយអាឡឺម៉ង់នឹង Adidas ត្រូវរចនាម៉ូតលេខអាវសារជាថ្មី ជាពិសេសលេខ 4 ហើយបន្តទទួលការសម្របសម្រួលពី UEFA បន្ថែម៕