Neal Maupay បានធ្វើការឌឺដងទៅលើខ្សែបម្រើ Scott McTominay ហើយបានហៅកីឡាកររបស់ Manchester United នេះថាជាអ្នកគាំទ្រដែលឃ្លានចង់បានអាវរបស់គាត់ បន្ទាប់ពីប៉ះទង្គិចគ្នាកំឡុងការប្រកួតរបស់ Brentford ជាមួយ Man United។

Brentford បានតាមពីក្រោយដើម្បីសង្គ្រោះយកមួយពិន្ទុពីដៃក្រុមភ្ញៀវ ដោយការស៊ុតបញ្ចូលទីចុងម៉ោងរបស់កីឡាករ Kristoffer Ajer ដើម្បីលុបចោលការនាំមុខដោយ Mason Mount។ កំឡុងការប្រកួតដ៏ក្តៅគគុកមួយនេះ កីឡាករខ្ចីជើងពី Everton ពោលគឺ Neal Maupay នឹង Scott McTominay បានប៉ះទង្គិចគ្នានៅក្នុងទីលាន ហើយនៅពេលការប្រកួតត្រូវបានបញ្ចប់ ខ្សែប្រយុទ្ធក្រុម Brighton ហាក់មិនទាន់អស់ចិត្តជាមួយកីឡាករវ័យ 27 ឆ្នាំនៅឡើយទេ។

Maupay បានបង្ហោះរូបនៅក្នុងបណ្តាញសង្គម X ដែលពីមុនត្រូវបានស្គាល់ថាជា Twitter ដោយស្តែងអោយឃើញថា Maupay នឹង Scott គឺពិតជាបានប៉ះទង្គិចគ្នាមែន ហើយថែមទាំងសរសេរពាក្យមួយម៉ាត់យ៉ាងខ្លីថា “អ្នកគាំទ្រមួយរូបនេះគឺពិតជាស្រែកឃ្លានចង់បានអាវរបស់ខ្ញុំមែនទែន😂“។ មួយពិន្ទុដ៏មានសារសំខាន់នេះ បានជួយអោយ Brentford នៅកាន់តែឆ្ងាយពីតំបន់កាត់ចោល តែសម្រាប់ក្រុមរបស់លោក Erik ten Hag វិញ វាជារឿងដ៏អាក្រក់មួយខណះគិតត្រឹមពេលនេះ Man United នៅពីក្រោយក្រុម Aston Villa រហូតដល់ 11 ពិន្ទុ នឹងក្រោម Tottenham ចំនួន 8 ពិន្ទុធ្វើអោយក្តីស្រម៉ៃឡើងទៅលេងការប្រកួត Champions League រដូវកាលក្រោយកាន់តែមានភាពលំបាក៕