កីឡាករ Chelsea ជាច្រើនបានទៅប្រាប់ថ្នាក់ដឹកនាំក្លឹបអោយដេញលោក Pochettino ចេញពីតំណែង

បន្ទាប់ពីការបរាជ័យក្នុងការយកឈ្នះទៅលើក្រុម Burnley កាលពីថ្ងៃសៅរ៍កន្លងទៅ កីឡាករក្រុមតោខៀវ Chelsea ជាច្រើនរូបត្រូវបានគេរាយការណ៍ថាមានភាពឆ្អែតឆ្អន់ជាមួយគ្រូបង្វឹកលោក Mauricio Pochettino។

យោងតាមរបាយការណ៍ផ្តាច់មុខពីសារព័ត៌មាន HITC បានអោយដឹងថា កីឡាករ Chelsea មួយចំនួនបានទៅជួបថ្នាក់ដឹកនាំក្លឹប ក៏ដូចជាលោក Todd Boehly ទាក់ទងនឹងការមិនពេញចិត្តរបស់ពួកគេជាមួយ Pochettino ជាមួយនឹងទម្រង់លេងដែលមិនមានភាពច្បាស់លាស់ទាល់តែសោះពីមួយប្រកួតទៅមួយប្រកួត។ កីឡាករ​ទាំងអស់នោះ​ចង់​ឱ្យ​គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​ចេញពីតំណែងរបស់ខ្លួននៅ​ចុង​រដូវ​កាល​នេះ ហើយ​មិន​ត្រូវ​បាន​គេ​ផ្តល់​ជម្រើស​ឱ្យ​បន្តដឹកនាំ​នៅកីឡដ្ឋាន Stamford Bridge នៅ​រដូវ​កាល​ក្រោយ​ឡើយ។

ក្រោយការចែកគ្នាម្នាក់មួយពិន្ទុជាមួយក្រុមរបស់លោក Vincent Kompany ពេលនេះ Chelsea កំពុងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់មួយទៀត ខណះដែលពួកគេបានប្រមូលត្រឹម 40 ពិន្ទុប៉ុណ្ណោះក្រោយការប្រកួត 28 លើកនៅក្នុងលីកកំពូលអង់គ្លេស Premier League ហើយតាមពីក្រោយក្រុមលេខ 6 ពោលគឺបិសាចក្រហម Manchester United រហូតដល់ទៅ 8 ពិន្ទុឯណោះ។ ទោះបី Chelsea គ្មានសង្ឃឹមក្នុងការលើកពាន Premier League នឹង Carabao Cup ក៏ពិតមែន តែក្រុមតោខៀវនៅមានសង្ឃឹមចុងក្រោយមួយទៀត ពោលគឺពាន FA Cup ហើយនេះជាជម្រើសចុងក្រោយដែលអាចជួយសម្រេចនូវវាសនារបស់លោក Pochettino សម្រាប់រដូវកាល 2024-2025៕