Kylian Mbappe ផ្ញើរសាររំជួលចិត្តមួយទៅកាន់ Ramos ក្រោយរកបានគ្រាប់បាល់ចំថ្ងៃខួបកំណើតរបស់ខ្លួន

Kylian Mbappe បានផ្ញើសារនឹករលឹកយ៉ាងផ្អែមល្ហែមមួយទៅកាន់អតីតមិត្តរួមក្រុមរបស់ខ្លួនពោលគឺ Sergio Ramos បន្ទាប់ពីខ្សែការពារជើងចាស់រូបនេះបានស៊ុតបញ្ចូលទីក្នុងថ្ងៃខួបកំណើតទី 38 របស់គាត់ដើម្បីផ្តួលក្រុម Getafe។

 

Ramos មាន​ការ​ត្រេកអរ​ជាខ្លាំងបន្ទាប់​ពី​រូប​គេ​បាន​ចំណាយ​ពេល​ត្រឹម​តែ​ប្រាំ​នាទី​ប៉ុណ្ណោះ​ដើម្បី​បំប៉ោងសំណាញ់ទី ដោយគ្រាប់នេះជាគ្រាប់ជ័យជម្នះក្នុងការប្រកួតដើម្បីផ្តល់ Sevilla នូវបីពិន្ទុយ៉ាងមានសារសំខាន់ចំខួបកំណើតរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ អ្វីៗកាន់តែមានភាពផ្អែមល្ហែម ខណៈដែលមិត្តជិតស្និទ្ធរបស់គាត់ Mbappe បានបង្ហោះសារដ៏ស្មោះស្ម័គ្រនៅលើគណនីបណ្តាញសង្គម Instagram របស់គាត់ ដើម្បីជូនពរ Ramos នៅថ្ងៃពិសេសរបស់គាត់។

កំពូលខ្សែប្រយុទ្ធដែលកៀកក្នុងការផ្លាស់ទៅអធិរាជស Real Madrid មួយនេះ បានសរសេរនៅក្នុងបណ្តាញសង្គមថា “រីករាយថ្ងៃកំណើតបងប្រុស។ ជូនពរសំណាងល្អជានិច្ច។ តែងតែនឹកអ្នក” អ្នកទាំងពីរបានបង្កើតទំនាក់ទំនងជិតស្និទ្ធនៅពេលដែល Ramos បានចុះហត្ថលេខាជាមួយ Paris Saint-Germain ក្នុងឆ្នាំ 2021 បន្ទាប់ពីចាកចេញពី Real Madrid ។ ទោះបីជាខ្សែការពារបានផ្តាច់ទំនាក់ទំនងជាមួយ PSGនៅឆ្នាំ 2023 ក៏ដោយ ទង្វើរបស់ Mbappe មួយនេះបានបង្ហាញថាអ្នកទាំងពីរនៅតែរក្សាទំនាក់ទំនងទៅវិញទៅមកបានយ៉ាងល្អ៕