Pep Guardiola និយាយថាគ្រប់ក្លឹបដែលលេងនៅលីកកំពូលអង់គ្លេស Premier League នឹងចុះហត្ថលេខាលើ Declan Rice ប្រសិនបើពួកគេអាចធ្វើបាន ខណះគាត់បានបង្ហើបអោយដឹងពីការបរាជ័យរបស់ Manchester City ក្នុងការប្រជែងជាមួយកាំភ្លើងធំ Arsenal។

Man City បានធ្វើការដេញថ្លៃ 90 លានផោន សម្រាប់ខ្សែបម្រើការពាររូបនេះ ប៉ុន្តែ Arsenal ជាអ្នកដែលទទួលបានជ័យជម្នះជាមួយនឹងសំណើរតម្លៃ 105 លានផោន ទៅកាន់ក្រុមញញួរយក្ស West Ham កាលពីរដូវក្តៅមុន។ ឥឡូវនេះ លោក Guardiola បាននិយាយអំពីរបៀបដែលពួកគេមិនអាចនាំយកកីឡាករសញ្ជាតិអង់គ្លេស ដែលជាកីឡាករដ៏សំខាន់មួយរូបសម្រាប់ក្រុមកាំភ្លើងធំនៅរដូវកាលនេះ មុនជំនួបទល់នឹងក្រុមរបស់លោក Mikel Arteta នាថ្ងៃអាទិត្យខាងមុខ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបាននិយាយថា នេះមិនមែនជាលើកទីមួយឡើយដែល Man City ចង់បានប៉ុន្តែមិនអាចនាំយកមកដោយសារតែមិនត្រូវតម្លៃគ្នា ដោយឡែក Rice គឺជាកីឡាករមួយរូបដែលមិនចង់មកស្ថិតក្រោមការដឹកនាំរបស់ Pep។ ទោះយ៉ាងណាក្តី គាត់ក៏បានសរសើរថាការសម្រេចចិត្តរបស់ Declan Rice គឺជារឿងត្រឹមត្រូវមួយ ខណះដែលបង្ហាញពីគុណភាពដ៏សំខាន់ដែលជួយអោយ Arsenal អាចឈរនៅកំពូលតារាងលីកកំពូលអង់គ្លេស៕