លោក Eddie Howe បញ្ជាក់ពីស្ថានភាពនៃកីឡាករដែលអាចនឹងជាប់បម្រាមលើសដើម

គ្រូបង្វឹកក្រុមសារិកាព្រៃ Newcastle United លោក Eddie Howe បានអះអាងថា Sandro Tonali បានរងទុក្ខគ្រប់គ្រាន់ហើយ ខណៈពេលដែលគាត់បានបញ្ជាក់ពីស្ថានភាពការបន្ថែមនៃការហាមឃាត់ជុំវិញករណីការភ្នាល់របស់គាត់ បន្ទាប់ពីការចោទប្រកាន់ថ្មីរបស់ FA។

Tonali កំពុងស្ថិតក្រោមការហាមឃាត់រយៈពេល 10 ខែរួចហើយសម្រាប់ការបំពានច្បាប់ភ្នាល់នៅក្នុងប្រទេសអ៊ីតាលី។ សហព័ន្ធបាល់ទាត់អង់គ្លេស រឺ FA បានចោទប្រកាន់គាត់ពីបទប្រព្រឹត្តិខុសដោយសារការចោទប្រកាន់ថាបានបំពានលើច្បាប់ភ្នាល់របស់ខ្លួន ដោយបន្ថែមទៅលើបញ្ហាដែលមានស្រាប់របស់ខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះ។ FA បានចោទប្រកាន់កីឡាករដែលបានមកពី AC Milan ក្នុងតម្លៃ 55 លានផោននាខែកក្កដា បានចូលរួមក្នុងសកម្មភាពភ្នាល់ចំនួន 50 ដងចន្លោះពីថ្ងៃទី 12 ខែសីហា ដល់ថ្ងៃទី 12 ខែតុលា ឆ្នាំ 2023 ដោយបំពានលើបទប្បញ្ញត្តិរបស់ខ្លួន។

ខណៈពេលដែល Tonali មានពេលក្នុងការឆ្លើយតបទៅនឹងការចោទប្រកាន់ត្រឹមថ្ងៃទី 5 ខែមេសា លោក Eddie Howe បានសារភាពថាមិនមានការច្បាស់លាស់ថាតើ FA នឹងដាក់ទណ្ឌកម្មថ្មីលើកីឡាកររូបនេះទេ ប៉ុន្តែខ្លួនសង្ឃឹមថាអាជ្ញាធរនឹងមានការបន្ធូរបន្ថយ។ ក្នុងករណីដែល FA គ្មានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់ទោសបន្ថែម ការហាមប្រាមដែលមានស្រាប់របស់ Tonali ត្រូវបន្តរហូតដល់ខែសីហា ដោយផ្តើមចេញពីការបំពានច្បាប់ FIGC របស់គាត់ដែលហាមឃាត់កីឡាករទាំងអស់ពីការភ្នាល់លើព្រឹត្តិការណ៍បាល់ទាត់ដែលរៀបចំដោយ FIGC, UEFA និង FIFA ។ លើសពីនេះ Sandro Tonali នឹងត្រូវពិន័យជាសាច់ប្រាក់ចំនួន 2 មុឺនអឺរ៉ូ៕