លោក Steven Reid អ្នកចាត់ការទូទៅរបស់ក្លឹប Nottingham Forest ត្រូវបានហាមឃាត់ និងពិន័យជាប្រាក់ ចំពោះការប្រើពាក្យសម្តីមិនសមរម្យដាក់អាជ្ញាកណ្តាល Paul Tierney បន្ទាប់ពីចាញ់ក្រុមហង្សក្រហម Liverpool។

សមាគមកីឡាបាល់ទាត់អង់គ្លេស បានពិន័យជាសាច់ប្រាក់ចំនួន 5 ពាន់ផោនលើលោក Reid ចំពោះការប្រព្រឹត្តខុសទៅលើលោក Tierney បន្ទាប់ពី Darwin Nunez បានស៊ុតគ្រាប់ជ័យជម្នះនៅកីឡដ្ឋាន City Ground កាលពីថ្ងៃទី 2 ខែមីនា។ ក្លឹប Nottingham Forest ក៏ត្រូវបានស្នើសុំឱ្យបង់ប្រាក់ចំនួន 75,000 ផោនផងដែរ។ ពួកគេបានបរាជ័យក្នុងការហាមឃាត់កីឡាករ និងបុគ្គលិករបស់ពួកគេពីអាកប្បកិរិយាមិនត្រឹមត្រូវបន្ទាប់ពីផ្លុំកញ្ចែបញ្ចប់ការប្រកួត។

ជម្លោះនេះបានកើតចេញពីការសម្រេចចិត្តដ៏ចម្រូងចម្រាសដោយ Tierney ក្នុងការប្រគល់បាល់ទៅ Liverpool វិញតាមរយៈការទម្លាក់បាល់ បើទោះបីជាក្រុមម្ចាស់ផ្ទះជាអ្នកគ្រប់គ្រងបាល់មុនពេលការប្រកួតត្រូវបានបញ្ឈប់ជាបណ្តោះអាសន្នដោយសារតែរបួសក្បាលរបស់ខ្សែការពារ Ibrahima Konate របស់ Liverpool ក៏ដោយ។ Steven Reid បានធ្វើការតវ៉ាយ៉ាងខ្លាំងរហូតទទួលបានកាតក្រហម ហើយត្រូវបណ្តេញចេញពីការប្រកួត។ ទោះបានទទួលស្គាល់ថាគាត់មិនបានប្រើប្រាស់ពាក្យជ្រុលហួសហេតុពេកមែន អាជ្ញាកណ្តាលនៅតែបានដាក់សំណុំរឿងមួយនេះទៅ FA ដើម្បីធ្វើការស្វែងរកការពិត៕