Dani Carvajal ថាអេស្ប៉ាញមិនមែនជាប្រទេសសំបូរអ្នករើសអើងជាតិសាសន៍ឡើយ ទាំងដែល Vinicius លើកឡើងរឿយៗ

ខ្សែការពារ Dani Carvajal របស់ក្លឹប Real Madrid បានបដិសេធជុំវិញការលើកឡើងថាអេស្ប៉ាញជាប្រទេសសំបូរអ្នករើសអើងពូជសាសន៍ បើទោះបីជាមានករណីម្តងហើយម្តងទៀតលើមិត្តរួមក្រុម Vinicius Junior ក៏ដោយ។

Vinicius ត្រូវ​បាន​អ្នកគាំទ្រ​ក្នុង​ប្រទេស​អេស្ប៉ាញ​ដាក់​គោលដៅ​ក្នុង​ឧប្បត្តិហេតុ​ជា​ច្រើន ហើយ​ខ្សែប្រយុទ្ធ​ប្រេស៊ីល​បានប្តេជ្ញាតតាំង​ដោយ​សន្យា​ថា​នឹង​បន្ត​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រើសអើង​ពូជសាសន៍​ក្នុង​ប្រទេស​អឺរ៉ុប។ ខ្សែប្រយុទ្ធស្លាប​បាន​ស្រក់​ទឹក​ភ្នែក​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់​ពី​ត្រូវ​បាន​សួរ​អំពី​បទ​ពិសោធ​របស់​គាត់​អំពី​ការ​រើសអើង​ជាតិ​សាសន៍ ប៉ុន្តែ Carvajal នៅតែរក្សាជំហរ​ថា​អេស្ប៉ាញ​មិន​មែន​ជា​ប្រទេស​ប្រកាន់​ពូជសាសន៍​នោះ​ទេ។

ខ្សែការពារវ័យចំណាស់រូបនេះបាននិយាយថា គាត់យល់ច្បាស់ពីស្ថានភាពរបស់ Vinicius ជាពិសេសមនុស្សមួយចំនួនដែលយកបាល់ទាត់ដើម្បីជាទីលានបញ្ចេញកំហឹងនឹងមតិរបស់ខ្លួន​ ប៉ុន្តែអេស្ប៉ាញជារួមគឺមិនមែនជាប្រទេសដែលរើសអើងពូជសាសន៍នោះឡើយ។ Carvajal ក៏បានលើកឡើងពីប្រវត្តិរបស់ខ្លួនតាំងពីក្មេង ដោយបានរីកធំធាត់ជាមួយក្មេងៗមកពីតំបន់ផ្សេងៗគ្នានៃអេស្ប៉ាញ៕