Eden Hazard នឹងវិលត្រឡប់មកពិភពបាល់ទាត់វិញនៅចុងឆ្នាំនេះ

អតីតកីឡាករឆ្នើមរបស់ក្រុមតោខៀវ Chelsea លោក Eden Hazard នឹងត្រលប់មកលេងបាល់ទាត់វិញក្នុងរយៈពេលខ្លី ដើម្បីលេងក្នុងការប្រកួតបាល់ទាត់ពិភពលោក Kings World Cup នៅប្រទេសម៉ិកស៊ិកនាចុងឆ្នាំនេះ។

Hazard បាន​ចូល​និវត្តន៍​ពី​បាល់ទាត់​កាល​ពី​ឆ្នាំ​មុន បន្ទាប់​ពី​ជួប​បញ្ហា​របួស​ស្ទើរតែគ្រប់ពេលវេលាជាមួយ Real Madrid។ កីឡាករវ័យ 33 ឆ្នាំរូបនេះនឹងវិលចូលមកទីលានម្តងទៀត ដូចដែលបានរាយការណ៍ពី ESPN ថាគាត់បានយល់ព្រមចូលរួមក្នុងការប្រកួតប្រជែងដែលមួយក្រុមមានកីឡាករប្រាំពីរនៅទ្វីបអាមេរិកខាងជើងនៅឆ្នាំនេះ។ អ្វីដែលកាន់តែពិសេសនោះគឺ អតីតខ្សែការពារ Manchester United និងអង់គ្លេសលោក Rio Ferdinand, Zlatan Ibrahimovic និង Neymar ក៏នឹងចូលរួមក្នុងការប្រកួតនៅប្រទេសម៉ិកស៊ិកផងដែរ។

ការប្រកួត Kings World Cup ត្រូវបានចាប់ផ្តើមដោយអតីតខ្សែការពារសញ្ជាតិអេស្ប៉ាញ និងក្រុម Barcelona លោក Gerard Pique។ គាត់មានគោលបំណងនាំយកច្បាប់នៃរចនាបទវីដេអូហ្គេមចូលទៅក្នុងកីឡាបាល់ទាត់ពិតៗ ខណៈដែលក្រុមនឹងប្រកួតរយៈពេល 40 នាទីជាមួយនឹងអ្នកលេងចំនួន 7 នាក់ក្នុងក្រុមនីមួយៗ។ ការប្រកួតនឹងមានលក្ខណៈពិសេសជាច្រើន ដែលគ្រាប់បាល់បញ្ចូលទីអាចគុណនឹងពីរ ហើយគ្រាប់ឡុកឡាក់នឹងត្រូវបានប្រើប្រាស់ដើម្បីកំណត់ថាតើកីឡាករប៉ុន្មាននាក់គួរត្រូវបានដកចេញពីទីលាន។