Erling Haaland ទទូចអោយមានច្បាប់បាល់ទាត់មួយនេះនៅពាសពេញទីលាន

ម៉ាស៊ីនរកគ្រាប់បាល់ Erling Haaland បាននិយាយថា បច្ចេកវិទ្យាសម្រាប់កំណត់គ្រាប់បាល់ Goal Line Technology គួរតែត្រូវបានប្រើប្រាស់ទូទាំងទីលាន ខណៈពេលដែលបង្ហាញពីចំណុចមួយដែលរំខានរូបគេជាខ្លាំងអំពីបាល់ទាត់នាពេលបច្ចុប្បន្ន។

ខ្សែប្រយុទ្ធរបស់ក្រុម Manchester City បានអំពាវនាវដល់អាជ្ញាធរបាល់ទាត់ឱ្យប្រើប្រាស់បច្ចេកវិទ្យា Goal Line Technology នេះនៅទូទាំងទីលានប្រកួត រួមទាំងរឹតបន្តឹងច្បាប់ពាក់ព័ន្ធការបោះបាល់ផងដែរ ដោយសារគាត់ជឿថាក្រុមមួយចំនួនបានកេងប្រវ័ញ្ចដោយការប្រើល្បិចមិនសមរម្យ ដូចជា លួចបោះបាល់ខុសកន្លែងជាច្រើនម៉ែត្រ។

បាល់ទាត់បានណែនាំបច្ចេកវិទ្យាខ្សែបន្ទាត់ និងវីដេអូជំនួយអាជ្ញាកណ្តាល VAR ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីកាត់បន្ថយកំហុសក្នុងការប្រកួត។ បាល់ទាត់គឺជាកីឡាប្រភេទសកល ហើយធ្វើឱ្យវាកាន់តែមានទីផ្សារ និងភាពទាក់ទាញសម្រាប់អ្នកមើល គឺជាគន្លឹះនៃភាពជោគជ័យរបស់បាល់ទាត់ក្នុងការឆ្ពោះទៅមុខ។ កីឡាករល្បីៗដូចជា Haaland អាចមានឥទ្ធិពលក្នុងការជំរុញអោយមានការកែប្រែបែបនេះនៅក្នុងការប្រកួតសម័យទំនើប៕