ក្រុមជម្រើសជាតិអង់គ្លេសនឹងលេងទល់ប៊ែលហ្សិក ដោយគ្មានឈ្មោះកីឡាករនៅលើអាវខាងក្រោយ

ក្រុមតោកំណាចអង់គ្លេស​នឹងត្រូវ​ប៉ះ​គ្នាជាមួយក្រុមជម្រើសជាតិបែលហ្សិក​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ថ្ងៃ​អង្គារ ប៉ុន្តែ​អង់គ្លេសនឹង​លេង​ការប្រកួតតង់​ទី​ពីរ​ដោយ​គ្មាន​ឈ្មោះ​នៅ​លើ​អាវ។

សហព័ន្ធបាល់ទាត់អង់គ្លេស FA បានបញ្ជាក់ថាតង់ទីពីរនៃការប្រកួតរបស់អង់គ្លេសជាមួយបែលហ្ស៊ិក ដែលជាការប្រកួតកម្ដៅសាច់ដុំសម្រាប់ព្រឹត្តិការណ៍ Euro 2024 លើកទីពីររបស់ពួកគេក្នុងមួយសប្តាហ៍ ដោយក្នុងនោះក្រុមរបស់លោក Gareth Southgate នឹងមិនមានឈ្មោះកីឡាករណាម្នាក់នៅខាងក្រោយអាវរបស់ពួកគេនោះឡើយ ដោយតម្រូវអោយមានតែលេខអាវប៉ុណ្ណោះ។ ការប្រកួតនេះត្រូវបានគេកំណត់ថាជាការរំលឹកទៅដល់សមាគមតំណាងអ្នកកើតជម្ងឺអាល់ហ្សៃមឺអន្តរជាតិ ហើយគំនិតផ្តួចផ្តើមនេះគឺផ្តោតសំខាន់ទៅលើការបាត់បង់ការចងចាំជារោគសញ្ញាសំខាន់នៃជំងឺវង្វេងវង្វាន់។


ជម្ងឺអាល់ហ្សៃមឺគឺជាឈ្មោះសម្រាប់រោគសញ្ញាដែលជាប់ទាក់ទងនឹងការថយចុះជាបន្តបន្ទាប់នៃមុខងារខួរក្បាល ហើយអាចប៉ះពាល់ដល់ការចងចាំ ទម្រង់នៃការនិយាយ និងជំនាញគិត ក៏ដូចជាសមត្ថភាពផ្លូវចិត្តផ្សេងទៀត។ មូលហេតុពិតប្រាកដនៃជំងឺអាល់ហ្សៃមឺ មិនទាន់ត្រូវបានរកឃើញនៅឡើយទេ ហើយប្រទេសអង់គ្លេស និង សហព័ន្ធបាល់ទាត់អង់គ្លេសបានគាំទ្រជាយូរមកហើយនូវគំនិតផ្តួចផ្តើមក្នុងការលើកកម្ពស់ការយល់ដឹងអំពីស្ថានភាពជំងឺ និងជួយធានាបាននូវថវិកាសម្រាប់គម្រោងស្រាវជ្រាវ និងអ្នកដែលរងផលប៉ះពាល់ដោយជំងឺនេះ៕