កីឡាករចំណូលថ្មីរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ Bruma បានចារឈ្មោះរបស់ខ្លួនចូលក្នុងសៀវភៅប្រវត្តិសាស្ត្រ ខណះដែលរូបគេធ្វើបានកំណត់ត្រាមួយក្រោយអវត្តមានរបស់កីឡាករ Cristiano Ronaldo កាលពីពេលថ្មីៗនេះ។

ទោះគ្មានខ្សែប្រយុទ្ធជួរមុខរបស់គេពិតមែន តែក្រុមជម្រើសជាតិព័រទុយហ្កាល់ហាក់គ្មានភាពលំបាកនោះឡើយខណៈដែលពួកគេបានយកឈ្នះ 5-2 លើស៊ុយអែតក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅឯកីឡដ្ឋាន Estadio Dom Afonso Henriques ក្នុងទីក្រុង Guimaraes កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលនោះគឺ អាវលេខ 7 នៅតែត្រូវបានឃើញមានសកម្មភាពនៅលើទីលាន ខណៈដែល Bruma បានពាក់លេខអាវនេះដោយអវត្តមានខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ពួកគេ។ Bruma បានចាប់ផ្តើមការប្រកួតនៅលើកៅអីបម្រុង ប៉ុន្តែត្រូវបានដាក់អោយចូលលេងនៅក្នុងតង់ទីពីរដោយអ្នកចាត់ការ Roberto Martinez ។ គាត់បានបង្កើតឱកាសដ៏កម្រមួយតាមរយៈការស៊ុតបញ្ចូលទីគ្រាប់ទី 4 របស់ព័រទុយហ្គាល់បន្ទាប់ពីការបញ្ជូនបាល់ដ៏អស្ចារ្យរបស់ Bruno Fernandes ។

ទង្វើបែបនេះបានធ្វើអោយ Bruma ក្លាយជាកីឡាករតែមួយគត់ក្រៅពី Ronaldo ដែលបានគ្រងលេខអាវដ៏ពិសេសមួយនេះចាប់តាំងពីឆ្នាំ 2007។ យ៉ាងណាក្តី Bruma នឹងត្រូវទម្លាប់ខ្លួនជាមួយអាវលេខ 17 សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្កាល់វិញ ខណះដែលខ្សែប្រយុទ្ធវ័យ 39 គ្រោងនឹងត្រឡប់មកលេងវិញក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិស្លូវេនីនាថ្ងៃអង្គារខាងមុខ៕