ក្រុមហ៊ុនភាគហ៊ុនឯកជនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការពីការទិញភាគហ៊ុន 40% នៅក្នុងក្លឹបបាល់ទាត់ Ipswich Town ជាផ្នែកនៃការវិនិយោគដែលមានតម្លៃរហូតដល់ទៅ 105 លានផោន។

ក្លឹបកំពុងលេងនៅ Championship មួយនេះបានបង្ហើបថាក្រុមហ៊ុន Bright Path Sports Partners បានចំណាយប្រាក់ចំនួន 105 លានផោន ជាថ្នូរនឹងភាគហ៊ុនចំនួន 40% ដែលប្រាក់ទាំងនោះនឹងផ្តោតទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជា ការអភិវឌ្ឍន៍ទីលានហ្វឹកហាត់ឡើងវិញនៅកីឡដ្ឋាន Playford Road។ នេះគឺជាឧទាហរណ៍ចុងក្រោយបង្អស់នៃក្រុមហ៊ុនអាមេរិកដែលវិនិយោគលើបាល់ទាត់អង់គ្លេស ក្រោយតារាហូលីវូដ លោក Ryan Reynolds និង Rob McElhenney បានចំណាយថវិកាផ្ទាល់ខ្លួនទិញក្លឹប Wrexham ហើយបានធ្វើអោយក្លឹបមួយនេះមានភាពល្បីល្បាញខ្លាំងជាងមុន។

ការបណ្តាក់ទុនមួយនេះ ចូលមកចំពេលដែល Ipswich Town កំពុងសម្លឹងឃើញការឡើងមកលេងនៅលីកកំពូលអង់គ្លេស English Premier League ឡើងវិញជាលើកដំបូងចាប់តាំងពីឆ្នាំ 2002។ គិតមកទល់ពេលនេះ គ្រូបង្វឹកលោក Kieran McKenna បានជួយជ្រោមជ្រែងក្រុមជាខ្លាំង ដោយបានបង្កើតក្រុមដ៏ខ្លាំងមួយក្នុងលីកទីពីររបស់អង់គ្លេស។ គួររំលឹកផងដែរថា អង្គការ ORG ដែលមានលោក Edward Schwartz ជាប្រធាន នៅតែជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ Ipswich រហូតដល់ទៅ 50% ខណះដែលភាគហ៊ុនដែលនៅសេសសល់គឺនៅក្នុងការកាន់កាប់របស់មូលនិធិ Three Lions Fund៕